ពី​ចំណុច​សូន្យ វិវត្ត​ជា​មហាសេដ្ឋី! ឧកញ៉ាញ៉ូវស៍ បើក​កកាយ​ត្រួសៗ​ប្រវត្តិ​បុគ្គល​ជោគជ័យ ៥ រូប ​

អន្តរជាតិ

ការ​ធ្វើ​អាជីវកម្ម​ពី​បាត​ដៃ​ទទេ វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ហើយ​មាន​កត្តា​ជាច្រើន​ដែល​អាច​ជួយ​ឲ្យ​ជំនួញ​មួយ​អាច​ជោគជ័យ​ទៅបាន ដូចជា​ការ​ចេះ​ឆក់​យក​ឱកាស សំណាង និង​ទេពកោសល្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង បុគ្គល ៥ រូប​ដែល​ឧកញ៉ា​ញ៉ូវស៍ នឹង​លើក​យក​មក​រៀបរាប់​ត្រួសៗ​បន្តិច​ទៀត​នេះ គឺ​បាន​ចាប់ផ្ដើម​ធ្វើ​ជំនួញ​ពី​បាត​ដៃ​ទទេ​សុទ្ធសាធ តែ​បច្ចុប្បន្ន​ពួកគេ​កំពុង​តែ​អង្គុយ​សោយសុខ​លើ​គំនរ​មាសប្រាក់​យ៉ាង​ហូរហៀរ​។

១/ Jack Ma

មហាសេដ្ឋី​ជនជាតិ​ចិន បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៥,៤ ពាន់​លាន​ដុល្លារ ហើយ​ទម្រាំ​ឈាន​ចូល​ដល់​ថ្ងៃនេះ ស្ថាបនិក Alibaba ហែល​កាត់​ព្យុះភ្លៀង​មិន​តិច​សារ​ឡើយ។ Jack Ma ធ្លាប់​បាន​និយាយ​ជា​រឿយៗ​ថា លោក​មិន​ដែល​បោះបង់​ក្ដី​ស្រមៃ​ឡើយ ហើយ​លោក​គឺ​ជា​មនុស្ស​មិនងាយ​ចុះចាញ់​នឹង​ព្រេងវាសនា​ដូចគ្នា។

នៅ​ចាំបាន​ថា ពេល KFC បើក​ហាង​នៅ​ប្រទេស​ចិន មនុស្ស ២៤ នាក់​បាន​ដាក់​ពាក្យ​ធ្វើការ មាន​២៣ នាក់​ទទួល​បាន​ការងារ ប៉ុន្តែ Jack Ma បែរ​ជា​មិនជាប់ ហើយ​លោក​ក៏​ធ្លាប់​ទទួល​ការ​បដិសេធ​ពី​សាកលវិទ្យាល័យ Harvard ដល់​​ទៅ ១០ ដង​ផងដែរ។ ប៉ុន្តែ​ដោយសារ​ការ​តស៊ូ សព្វថ្ងៃ​បុរស​ម្នាក់​នេះក្លាយ​ជា​ម្ចាស់​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ធំ​បំផុត​ទី ៣ លើ​លោក។

២/ Oprah Winfrey

នាយក​ប្រតិបត្តិ The Oprah Winfrey Network និង Harpo Productions មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ ប៉ុន្តែ​ប្រវត្តិ​របស់​សេដ្ឋីនី​ម្នាក់​នេះ មិនមែន​រស់ស្រួល​ប៉ុន្មាន​ឡើយ។

មុន​នឹង​មាន​ថ្ងៃនេះ Winfrey ធ្លាប់​ទទួល​បាន​ការ​រើសអើង​ពូជសាសន៍ ធ្លាប់​ជួប​ប្រទះ​នឹង​ភាព​អត់ឃ្លាន និង​សូម្បី​តែ​មាន​គេ​បៀតបៀន​ផ្លូវភេទ​ថែម​ទៀត។ ប៉ុន្តែ​បច្ចុប្បន្ន អ្នកស្រី​គឺ​ជា​ Idol របស់​មនុស្ស​រាប់​លាន​នាក់ និង​ជា​ពិធីការនី​ដែល​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ពី​ប្រជាជន​ទូទាំង​ពិភពលោក។

៣/ Jan Koum

ស្ថាបនិក WhatsApp គឺ​បាន​ដឹងក្ដី​ឡើង​នៅ​ភូមិ​តូច​មួយ​នៅ​ជាយ​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​វាយលុក​ពី​ប្រទេស​រុស្ស៊ី។ បុរស​ម្នាក់​នេះ​បាន​ធ្វើ​ចំណាកស្រុក​មក​សហរដ្ឋអាមេរិក​តាំងពី​ក្មេង ហើយ​ចិញ្ចឹម​ជីវិត​ដោយ​ការ​ធ្វើការងារ​កំប៉ិកកំប៉ុក​ឲ្យ​តែ​បាន​ប្រាក់​ទិញ​បាយ​ហូប។

ដោយសារ​ចិត្ត​ស្រលាញ់ និង​មាន​ដុង​ពី​ធម្មជាតិ​លើ​វិស័យ​បច្ចេកវិទ្យា Koum បាន​បង្កើត​ WhatsApp ឡើង​ និង​បាន​លក់​ឲ្យ Facebook ក្នុង​តម្លៃ​ប្រមាណ​ ១៩ ពាន់​លាន​ដុល្លារ​ ហើយបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុប ១៣,៨ពាន់លានដុល្លារ។

៤/ Ritesh Aggarwal

មិន​សូវ​ខុសគ្នា​ពី Koum ឡើយ ដោយ​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​នេះ​ធំធាត់​នៅ​ទីក្រុង​តូច​មួយ ហើយ​ប្រកប​អាជីព​ជា​ក្មេង​លក់​ស៊ីមកាត មុន​ពេល​ Ritesh បង្កើត​ OYO នៅក្នុង​ឆ្នាំ ២០១៣ ហើយ​បច្ចុប្បន្ន​លោក​គឺ​ជា​មហាសេដ្ឋី​វ័យ​ក្មេង​បំផុត​មួយ​រូប​ប្រចាំ​ប្រទេស​ឥណ្ឌា ជាមួយ​ប្រាក់​ហូរហៀរ ២ពាន់​លាន​ដុល្លារ។

៥/ Howard Schultz

អាច​និយាយ​បាន​ថា បុរស​ម្នាក់​នេះ​ហាក់​មាន​ជីវភាព​លំបាក​ជាង​គេ​បន្តិច ដោយសារ​ឪពុកម្ដាយ​របស់​លោក​មិន​អាច​សូម្បី​តែ​មាន​លទ្ធភាព​ជួល​ផ្ទះ ហើយ​ពេលខ្លះ​អត់​សូម្បី​តែ​អាហារ​មួយពេល​បំពេញ​ក្រពះ។

ទម្រាំ​ក្លាយជា​ម្ចាស់​ហាង​កាហ្វេ​ល្បី​បំផុត​ទូទាំង​ពិភពលោក Starbucks ដូច​ពេលនេះ Howard បាន​ខិតខំ​ពុះពារ​ឧបសគ្គ​អស់​ជាច្រើន។ យោង​តាម​របាយការណ៍​ពី​ Forbes បាន​អះអាង​ថា ទ្រព្យសម្បត្តិ​របស់​មេធំ Starbucks ម្នាក់​នេះ​គឺមាន​ប្រហែល​ ៤ ពាន់​លាន​ដុល្លារ៕