យោងតាមប្រភពចុះផ្សាយចុងក្រោយមួយ បានបង្ហើបឱ្យដឹងថា ថ្មីៗនេះ ក្រុមហ៊ុនអចលទ្រព្យខ្នាតយក្សរបស់ចិន China Evergrande Group កំពុងពិនិត្យមើលលទ្ធភាព ក្នុងការទាក់ទងជាមួយម្ចាស់បំណុលនៅក្រៅប្រទេស ដើម្បីជួយគាំទ្រផែនការរបស់ខ្លួន ក្នុងការប្រឆាំង ទៅនឹងពាក្យបណ្តឹងពីតុលាការទីក្រុងហុងកុង ដែលចង់រំលាយក្រុមហ៊ុននេះចោល ។
គួរឱ្យដឹងថា ក្រុមហ៊ុន Evergrande ដែលកំពុងរើបម្រាស់ចេញពីបំណុល ដែលខ្លួនបានជំពាក់ម្ចាស់បំណុលក្រៅប្រទេសជិត ២៣ ពាន់លានដុល្លារ បានស្វះស្វែងរកជំនួយ ក្នុងការប្រឆាំងទៅនឹងញាតិរំសាយក្រុមហ៊ុន នៅពេលដែលទទួលរងពាក្យបណ្តឹងនៅតុលាការ កាលពីថ្ងៃទី ៣១ ខែសីហា ។
រំលឹកថា កាលពីសប្តាហ៍មុន ក្រុមហ៊ុន Top Shine Global Ltd ដែលបានបណ្តាក់ទុននៅក្នុងក្រុមហ៊ុន Fangchebao ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande បាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹង លើក្រុមហ៊ុនអភិវឌ្ឍន៍អចលទ្រព្យមួយនេះ ដោយសារតែពួកគេមិនបានគោរពតាមពាក្យសន្យា ចំពោះការទិញយកភាគហ៊ុនរបស់ខ្លួនត្រលប់មកវិញ ពីក្រុមហ៊ុន Fangchebao ។
ហើយ បើសិនជាពាក្យបណ្តឹងនេះ ទទួលបានលទ្ធផល នោះវានឹងអាចជះឥទ្ធិពលធ្ងន់ធ្ងរ ដល់ការរៀបចំរចនាសម្ព័ន្ធសងបំណុលរបស់ក្រុមហ៊ុន Evergrande ដោយនឹងមានការថយចុះនៃតម្លៃទ្រព្យសកម្មក្រៅប្រទេស ដែលជាផ្នែកដ៏សំខាន់មួយ នៃផលប្រយោជន៍របស់ម្ចាស់បំណុលក្រៅប្រទេស ។
មិនតែប៉ុណ្ណោះ ប្រភពខាងលើបាន និយាយទៀតថាក្រុមហ៊ុន Evergrande មិនទាន់បានធ្វើការពិចាណា លើដំណោះស្រាយណាមួយ នៅតុលាការ ជាមួយក្រុមហ៊ុន Top Shine ពេលនេះនៅឡើយទេ ខណ:នេះជាពាក្យបណ្តឹងដំបូងចំពោះក្រុមហ៊ុន Evergrande ដែលមានបំណុលជាង ៣០០ ពាន់លានដុល្លារ ៕