ប្រធាន​ធនាគារ​ពិភពលោក​បោះ​តម្រុយ​ថា ប្រទេស​ជាច្រើន​ជៀស​មិន​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ

អន្តរជាតិ

បច្ចុប្បន្ន សេដ្ឋកិច្ច​ពិភពលោក​ហាក់​មាន​ការ​ធ្លាក់ចុះ ឬ​មាន​កំណើន​សេដ្ឋកិច្ច​ទាប​ជាង​ការ​រំពឹងទុក ជា​ខ្លាំង ដោយសារ​ឥទ្ធិពល​សង្គ្រាម ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ ស្របពេល​សេដ្ឋកិច្ច​ប្រទេស​ចិន​ក៏​កំពុង​មាន​ការ​ថមថយ​ដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលណា​សេដ្ឋកិច្ច​ពិភពលោក​ដើរ​យឺត នោះ​វា​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​មធ្យម ឬ​ទាប​ជាង ជួប​បញ្ហា​ជាច្រើន ហើយ​បញ្ហា​ចំបង​បង្អស់​គឺ​វិបត្តិ​អតិផរណា។ នេះ​បើ​តាម​របាយការណ៍​ចុងក្រោយ​បំផុត​របស់​ធនាគារ​ពិភពលោក។

កំណើន​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​រំពឹង​ថា នឹង​មាន​ការ​ធ្លាក់ចុះ​ពី ៥,៧% ពី​ឆ្នាំ ២០២១ មក​នៅ ២,៩% នៅ​ឆ្នាំ ២០២២ ហើយ​វា​នឹង​បន្ត​ស្ថិត​នៅ​ល្បាក់ៗ​នេះ​ក្នុង​អំឡុង​ឆ្នាំ ២០២៣ ឬ ២០២៤ ដោយសារ​ឥទ្ធិពល​សង្គ្រាម​នៅ​អ៊ុយក្រែន​ រំខាន​ដល់​សកម្មភាព​វិនិយោគ ការ​ជួញដូរ​ពាណិជ្ជកម្ម តម្រូវការ​មាន​ការ​ធ្លាក់​ចុះ និង​គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុត្រូវបានដកចេញ។

ជា​លទ្ធផល នៅឆ្នាំនេះ​កម្រិត​ចំណូល​របស់​ប្រជាជន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នឹង​មាន​ការ​ថយ​ចុះ​ប្រហែល ៥% ទាប​ជាង​និន្នាការ​មុន​ពេល​មាន​ជំងឺ​រាតត្បាត និង​សង្គ្រាម។

“​សង្គ្រាម​នៅ​អ៊ុយក្រែន ការ​បិទខ្ទប់​នៅ​ចិន សង្វាក់​ផ្គត់ផ្គង់​មាន​ការ​រំខាន ស្របពេល​ហានិភ័យ​នៃ​ភាព​ជាប់គាំង​ក៏​កំពុង​មាន​ការ​កើនឡើង​ទៀត។ ប្រទេស​ជាច្រើន ពិបាក​នឹង​ជៀស​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំងណាស់”។ នេះ​បើ​តាម​សម្ដី​របស់​លោក David Malpass ប្រធាន​ធនាគារ​ពិភពលោក។

ដោយឡែក Global Economic Prospects ក៏​បាន​រាយការណ៍​ទៀត​ថា កំណើន​សេដ្ឋកិច្ច​ជឿនលឿន​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ធ្លាក់​ចុះ​ពី ៥,១% នៅ​ឆ្នាំ​ ២០២១ មក​នៅ ២,៦% នៅ​ឆ្នាំ ២០២២ ទាបជាង ១,២% នៃ​ការ​សន្និដ្ឋាន​កាលពី​ខែ​មករា។

សូមជម្រាបដែរ​ថា ក្នុង​ចំណោម​ទីផ្សារ​ដែល​កំពុង​មាន​ការ​រីកចម្រើន និង​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​ក៏​ត្រូវ​បាន​គេ​ព្យាករណ៍​ដែរ​ថា នឹង​មាន​ការ​ធ្លាក់ចុះ​ពី ៦,៦% នៅ​ឆ្នាំ ២០២១ មក​នៅ​ត្រឹម ៣,៤% នៅ​ឆ្នាំ​ ២០២២ ដែល​នេះ​គឺ​ទាប​ជាង​កំណើន​សេដ្ឋកិច្ច​ចន្លោះ​ពី​ឆ្នាំ ២០១១ ដល់ ២០១៩ ថែម​ទៀត ដែល​អំឡុង​ឆ្នាំ​នោះ​មធ្យមភាគ​កំណើន​សេដ្ឋកិច្ច​មាន​ ៤,៨%៕