វិបត្តិកង្វះចំណីអាហារនៅតែជាបញ្ហាចំបង ដែលពិភពលោកកំពុងមានការឈឺក្បាលហាលថ្ងៃជាមួយវាជាខ្លាំង ខណៈលោក David Beasley នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ហៅកាត់ WFP ធ្លាប់បានសុំជំនួយពីមហាសេដ្ឋីទូទាំងពិភពលោកផងដែរ។
តួយ៉ាង កាលពីឆ្នាំទៅបុរសខាងលើបានបង្ហោះសារមួយលើបណ្ដាញសង្គម Twitter ដែលមានអត្ថន័យថា ទឹកប្រាក់ប្រមាណ ៦ ពាន់លានដុល្លារ នឹងជួយដោះស្រាយវិបត្តិចំណីអាហារ ហើយElon Musk ក៏បានចោទសួរវិញពីវិធីសាស្ត្រក្នុងការចាយលុយនោះដើម្បីដោះស្រាយបញ្ហា។
ជាការឆ្លើយតប WFP បានទម្លាយផែនការរបស់ពួកគេក្នុងការជួយប្រជាជន ៤២ លាននាក់ ជាមួយនឹងទឹកប្រាក់ ៦,៦ ពាន់លានដុល្លារ ដែលក្នុងនោះ ៣,៥ ពាន់លានដុល្លារនឹងប្រើប្រាស់លើការទិញម្ហូបអាហារ និងដឹកជញ្ជូនទៅកាន់ប្រទេសឆ្ងាយៗ។
រីឯ ២ ពាន់លានដុល្លារ សម្រាប់ធ្វើជាគូប៉ុង និងប្រាក់ឧបត្ថម្ភដល់ប្រជាជនក្នុងតំបន់ធ្វើការចាយវាយ ក៏ដូចជាទ្រទ្រង់ដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ៧០០ លានដុល្លារទៀតសម្រាប់ការសាងសង់ និងគ្រប់គ្រងទីស្នាក់ការនៅប្រទេសជាក់លាក់ណាមួយ ដើម្បីបង្រៀន និងឲ្យប្រជាជននៅតំបន់នោះចេះអនុវត្តពីការថែរក្សាស្បៀងអាហារ។
ជាចុងក្រោយ ៤០០ លានដុល្លារទៀត សម្រាប់ការគ្រប់គ្រងប្រតិបត្តិការសកល និងក្នុងតំបន់ ការគ្រប់គ្រង និងគណនេយ្យភាព រួមទាំងការសម្របសម្រួលនៃបណ្តាញផ្គត់ផ្គង់សកល មានទាំងការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
យ៉ាងណា លោក Beasley បានអះអាងថា ទោះជាបានបញ្ចេញផែនការខាងលើហើយក្ដី តែ WFP នៅមិនទាន់ទទួលទឹកប្រាក់ពី Elon Musk នៅឡើយ ស្របពេលថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការសហប្រជាជាតិរូបនេះ បានទទូចឲ្យមហាសេដ្ឋីពិភពលោកទាំងអស់ជួយគ្នាម្នាក់បន្តិចៗ ទើបអាចដោះស្រាយវិបត្តិចំណីអាហារបានទាំងស្រុង។
សូមរំលឹកដែរថា អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិបានព្យាករណ៍កាលពីឆ្នាំ ២០២០ ថា ដើម្បីអាចលុបបំបាត់វិបត្តិកង្វះចំណីអាហារពិភពលោកទាំងស្រុងនៅឆ្នាំ ២០៣០ បាន ចាំបាច់ត្រូវការប្រាក់ប្រមាណ ៣៩ ទៅ ៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីអាចចិញ្ចឹមមនុស្ស ៨០០ លាននាក់ដែលរស់នៅជាមួយអសន្តិសុខស្បៀងធ្ងន់ធ្ងរ និង ១,៥ ពាន់លាននាក់រស់នៅជាមួយអសន្តិសុខអាហារកម្រិតមធ្យម។
ដូច្នេះគឺមានន័យថា ត្រឹម ១% នៃវិភាគទានពីមហាសេដ្ឋីសរុប ២ ៦៦៨ នាក់ ដែលមានទ្រព្យសម្បត្តិសរុប ១២,៧ ទ្រីលានដុល្លារ នឹងអាចដោះស្រាយបញ្ហាដ៏ធំរបស់ពិភពលោកបានយ៉ាងស្រួល៕