ផ្សារហ៊ុន​អាមេរិក​ដុនដាប មហាសេដ្ឋី​វេទនា​គ្រប់គ្នា

អន្តរជាតិ

បើកទំព័រ​ឆ្នាំ ២០២២ ភ្លាម ពិភពលោក​ហាក់​ជួប​បញ្ហា​ផ្ទួនៗ ជាពិសេស​លើ​ផ្នែក​ហិរញ្ញវត្ថុ​តែ​ម្ដង ដោយ​ផ្សារហ៊ុន​អាមេរិក​នៅ​តែ​បន្ត​ផ្ដល់​សញ្ញា​គួរ​ឲ្យ​បារម្ភ​ក្នុង​រយៈពេល​មួយ​ឆមាស​តំបូង​នៃ​ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព័ត៌មាន​អាក្រក់​នោះ​ មិនមែន​មានតែ​ផ្សារហ៊ុន​ទេ​ដែល​កំពុង​តែ​ដុនដាប សូម្បី​តែ​ទីផ្សារ​គ្រីបតូ​ក៏​ដូចគ្នា​ផង​ដែរ ខណៈ​តម្លៃ​នៃ​ផ្ទះ​ថ្មី ឡាន​ថ្មី​នៅ​អាមេរិក​គឺ​ឡើង​ដល់​កៀក​នឹង​ចំណុច​ខ្ពស់​បំផុត ស្របពេល​តម្លៃ​សាំង​វិញ គឺ​ឡើង​ថ្លៃ​ខ្លាំងមែនទែន។

ថា​ប្រជាជន​ធម្មតា​កំពុង​វេទនា ប៉ុន្តែ​ក្រុម​មហាសេដ្ឋី​ឯណោះ​វិញ​ក៏​សំងំ​ស្រក់​ទឹកភ្នែក​មិន​ចាញ់​គ្នា​ដែរ ពោល​យោង​តាម​សារព័ត៌មាន Bloomberg បាន​បង្ហាញ​ថា មហាសេដ្ឋី ៥០០ នាក់​មាន​បំផុត​លើ​លោក របូត​លុយ​សរុប​ប្រមាណ ១,៤ ទ្រី​លាន​ដុល្លារ​ក្នុង​ឆមាស​តំបូង​នៃ​ឆ្នាំ ២០២២ នេះ។

សម្រាប់​ការ​ខាតបង់​ដ៏​សំបើម​របស់​ក្រុម​បុគ្គល​មាន​ឥទ្ធិពល​ទាំងនេះ ភាគច្រើន​គឺ​ទាក់ទង​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ភាគហ៊ុន ដ្បិត​ស្ថាបនិក និង CEO ជាច្រើន​នាក់​តែងតែ​មាន​ភាគហ៊ុន​ជាច្រើន​នៅ​ក្នុង​ដៃ ដូច្នេះ​បើ​តម្លៃ​ហ៊ុន​ធ្លាក់ចុះ ទំហំ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ក៏​ធ្លាក់​ទៅ​តាម​ហ្នឹង​ដូចគ្នា។

ជា​ឧទាហរណ៍​ស្ដែងៗ​ ទ្រព្យសម្បត្តិ​របស់​ស្ថាបនិក​ Facebook លោក Mark Zuckerberg គឺ​របូត​ច្រើនជាង​ពាក់កណ្ដាល ខណៈ​មូលហេតុ​ចំបង​ដោយសារ​តម្លៃ​ហ៊ុន​របស់ Meta ដាំក្បាល​ចុះ​ជាខ្លាំង​នៅ​ឆ្នាំ ២០២២។ នេះ​បើតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Bloomberg។

ក្រៅពី Mark នៅ​មាន​មហាសេដ្ឋី​ជាច្រើន​ដែល​បាត់បង់​ទ្រព្យសម្បត្តិ​អស់ច្រើន​សន្ធឹក ដូចជា​ Elon Musk និង Jeff Bezos ជាដើម សុទ្ធតែ​បាន​របូត​លុយ​ផ្ទាល់ខ្លួន​ច្រើនជាង ៦០ ពាន់​លាន​ដុល្លារ​ក្នុង​ម្នាក់៕