ផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក នៅឆមាសទីមួយនៃឆ្នាំ ២០២២ នេះ ហាក់កំពុងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ១៩៧០ មក ដោយសារតែមានការព្រួយបារម្ភបានកើនឡើង ចំពេលមានការទប់ស្កាត់ទៅនឹងអតិផរណា ដែលអាចនឹងប៉ះពាល់យ៉ាងខ្លាំង ដល់កំណើនសេដ្ឋកិច្ច ។
បើយោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានបង្ហាញថា ក្នុងរយ:ពេលប្រាំមួយខែចុងក្រោយនេះ សន្ទស្សន៍គោល S&P 500 បានធ្លាក់ចុះដល់ ២០,៦% ចំពេលសន្ទស្សន៍សំខាន់ៗផ្សេងទៀត នៅក្នុងទីផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ។
ក្រៅពីនេះ ភាគហ៊ុននៅក្នុងចក្រភាពអង់គ្លេស អឺរ៉ុប និងតំបន់អាស៊ី ក៏បានទទួលរងនូវការខាតបង់យ៉ាងខ្លាំងផងដែរ ជាពិសេសវាបានកើតឡើង នៅពេលដែលធនាគារកណ្តាល នៅជុំវិញពិភពលោក កំពុងព្យាយាមធ្វើការគ្រប់គ្រង ទៅលើការកើនឡើងចំពោះថ្លៃដើមនៃការរស់នៅ ជាមួយនឹងតម្លៃទំនិញសំខាន់ៗ ដូចជាអាហារ និងប្រេងឥន្ធន: ដែលចេះតែបន្តកើនឡើង ។
មិនតែប៉ុណ្ណោះ អ្នកសេដ្ឋកិច្ចមួយចំនួន ជឿជាក់ថា សហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដូចទៅនឹងដើមឆ្នាំនេះ ដោយសារតែអត្រាការប្រាក់ចេះតែបន្តកើនឡើងឥតឈប់ឈរ ។
” ប្រសិនបើធនាគារកណ្តាលអាមេរិកបន្តដំឡើងអត្រាការប្រាក់ នោះទីផ្សារភាគហ៊ុន នឹងមានផលអវិជ្ជមានខ្លាំងណាស់ ” ។ នេះបើតាមសម្តីរបស់លោក Dan Wang ប្រធានសេដ្ឋវិទូនៅធនាគារ Hang Seng Bank China បានប្រាប់ទៅកាន់ BBC ។
លើសពីនេះ លោក Shane Oliver ដែលមកពីស្ថាប័ន AMP Capital បាននិយាយផងដែរថា ៖ “ភាគហ៊ុនទំនងជានឹងបន្តមានការប្រែប្រួលរយៈពេលខ្លីខាងមុខ ដោយសារធនាគារកណ្តាល បន្តរឹតបន្តឹង ដើម្បីទប់ទល់នឹងអតិផរណាខ្ពស់ រួមជាមួយសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត ហើយការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច នៅតែមានកម្រិតខ្ពស់” ។
បញ្ជាក់បន្ថែមផងដែរថា សន្ទស្សន៍ភាគហ៊ុនអាមេរិកដ៏សំខាន់មួយទៀត គឺ Dow Jones Industrial Average បានធ្លាក់ចុះជាង ១៥% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មាន ដោយរាប់ចាប់តាំងពីឆ្នាំ ១៩៦២ មក។
ក្នុងពេលជាមួយគ្នានោះ Nasdaq Composite ដែលផ្តោតលើបច្ចេកវិទ្យា បានបាត់បង់ស្ទើរតែ ៣០% ដែលជាការធ្លាក់ចុះភាគរយដ៏ធំបំផុតរបស់ខ្លួន សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២២ នេះ ៕