ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនមួយ កំពុងស្នើសុំពន្យាពេលសងបំណុលជិត ៩០ លានដុល្លាររបស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Powerlong Real Estate Holdings របស់ប្រទេសចិន កំពុងព្យាយាម ធ្វើការពន្យាពេល ចំពោះការទូទាត់លើបំណុលចំនួន ៨៩ លានដុល្លារ ដែលនឹងឈានដល់ពេលកំណត់ត្រូវបង់នៅថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះ និងរួមទាំងការពន្យាសងប្រាក់ដើម ក្នុងរយ:ពេលមួយឆ្នាំផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសំណើមួយ ដែលផ្ញើទៅកាន់ម្ចាស់មូលបត្របំណុលរបស់ខ្លួន ក្រុមហ៊ុន Powerlong ដែលចុះបញ្ជីនៅទីក្រុងហុងកុង មានបំណងសងត្រឹមតែ ៥% នៃប្រាក់ដើមរបស់ខ្លួន ដែលនឹងត្រូវផុតកំណត់សញ្ញាប័ណ្ណ និងបង់ ១៥% នៃប្រាក់ដើម បន្ទាប់ពីរយ:ពេល ៦ ខែ និង ៨០% ដែលនៅសល់ បន្ទាប់ពី ១២ ខែ ។

មិនតែប៉ុណ្ណោះ ប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយទៀតថា ក្រុមហ៊ុន Powerlong ក៏គ្រោងនឹងបន្តធ្វើការទូទាត់ចំពោះមូលបត្របំណុលនៅចិនដីគោក ចំនួន ២ ដែលមានតម្លៃសរុប ១ ពាន់លានយ៉ន់ ដែលនឹងផុតកំណត់នៅក្នុងខែសីហាខាងមុខផងដែរ ។

គួរឱ្យដឹងថា លំហូរសាច់ប្រាក់ នៅក្នុងក្រុមហ៊ុនអចលនទ្រព្យចិន ដែលរងការជាប់បំណុល កំពុងត្រូវបានគាបសង្កត់យ៉ាងខ្លាំង ដោយការទប់ស្កាត់ ចំពោះបទប្បញ្ញត្តិលើការខ្ចីប្រាក់បន្ថែម និងការលក់មិនដាច់ចំពោះអចលនទ្រព្យរបស់ខ្លួន ដោយសារអ្នកទិញបាត់បង់ទំនុកចិត្ត កាលពីឆ្នាំមុន ។

បញ្ជាក់ទៀតថា ការខកខានក្នុងការសងបំណុលក្រៅប្រទេស របស់ក្រុមហ៊ុន China Eveergrande Group និងក្រុមហ៊ុនផ្សេងទៀត នៅឆ្នាំនេះ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះវិស័យអចលនទ្រព្យ ដែលកំពុងមានភាពជាប់គាំង ៕