នាយករដ្ឋមន្រ្តីអង់គ្លេស​ កំពុង​រួមរឹត​ដោយ​រឿងអាស្រូវ​ជា​ច្រើន​ឡើង​ល្វីងមុខ

អន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន​ បាន​បន្ត​បដិសេធ​មិន​ចុះ​ចេញ​ពី​កៅអី​នាយករដ្ឋមន្រ្តី​ទេ​នៅ​ពេល​នេះ ទោះបីរដ្ឋមន្រ្តី​ទាំង ៣ ក្រសួងរបស់លោក​លា​ចុះ​ពី​តំណែងជាបន្តបន្ទាប់ក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីទាំង ៣ក្រសួងនោះ គឺរដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​បាន​លា​ចុះ​ពី​តំណែង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នា​យប់​ថ្ងៃ​អង្គារ ទី៥ កក្កដា រដ្ឋលេខាធិការ​ទទួល​បន្ទុក​កុមារ និង​គ្រួសារ​បាន​លា​ចុះ​ពី​តំណែង​ក្នុង​ថ្ងៃ​ពុធ ទី៦ កក្កដា ម្សិលមិញ។

បើតាមសារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយថា មូលហេតុ​សំខាន់​ដែល​បាន​ធ្វើ​ឲ្យ​សមាជិក​រដ្ឋាភិបាល​ទាំង ៣រូប​សម្រេចចិត្ត​លា​ចុះ​ពី​តំណែង​ពេល​នេះ គឺ​មិនពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក​ បូរីស ចនសុន។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ចនសុន​ បាន​បន្ត​បដិសេធ​មិន​លា​ចុះ​ពី​តំណែង ក្នុង​ថ្ងៃ​ពុធ ទី៦ កក្កដានេះ។

គួរ​បញ្ជាក់​ថា នាយករដ្ឋមន្រ្តី បូរីស ចនសុន​ កំពុង​រួមរឹត​ដោយ​រឿងអាស្រូវ​ជា​ច្រើន​ឡើង​ល្វីងមុខទៅហើយ។ ទី១ រឿងអាស្រូវ​ដែល​លោក​បាន​រៀបចំ​ពិធី​ជប់លៀង​នៅ​ក្នុង​គេហដ្ឋាន​នាយករដ្ឋមន្រ្តី ខណៈ​ដែល​ប្រទេស​កំពុង​ស្ថិត​ក្នុង​ការ​បិទខ្ទប់​ដោយ​កូវីដ១៩ កាល​ពី​ឆ្នាំ ២០២១។ ទី២ រឿង​អាស្រូវ​ផ្លូវភេទ​ជា​ច្រើន​នៅ​ក្នុង​សភា ក្នុង​នោះ មាន​តំណាងរាស្រ្ត​ម្នាក់​ដែល​ជាប់ចោទ​ពី​បទ​ចាប់​រំលោភ​ត្រូវ​បាន​ចាប់​ខ្លួន រួច​ត្រូវ​បាន​ដោះលែង​បណ្តោះអាសន្ន​នៅ​ពាក់​កណ្តាល​ខែ​ឧសភា និង​តំណាងរាស្រ្ត​ម្នាក់​ទៀត​បាន​លា​ចុះ​ពី​តំណែង​ក្នុង​ខែ​មេសា ក្រោយ​ពី​បាន​មើល​កុន​អាសអាភាស​លើ​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​សភា៕