នៅព្រឹកថ្ងៃទី ០៨ កក្កដា ២០២២ នេះ លោកស៊ិនហ្សូ អាបេ ត្រូវបានគេបាញ់ អំឡុងពេលឃោសនារកសន្លឹកឆ្នោតនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។

បើទោះជាអតីតនាយករដ្ឋមន្ត្រីខាងលើ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក៏ពិតមែន ប៉ុន្តែស្ថានការណ៍បច្ចុប្បន្នរបស់លោកគឺនៅធ្ងន់ធ្ងរខ្លាំង ខណៈក្រុមគ្រូពេទ្យកំពុងព្យាយាមធ្វើការសង្គ្រោះបន្ទាន់។
ដោយឡែក ជនសង្ស័យក៏ត្រូវបានឃាត់ខ្លួនភ្លាមៗពីក្រុមប៉ូលិសនៅទីនោះផងដែរ និងបានកំណត់អត្តសញ្ញាណរបស់គេ ដោយមានឈ្មោះថា Tetsuya Yamagami ដែលមានវ័យ ៤១ ឆ្នាំ ហើយបើតាមចម្លើយសារភាព គេអះអាងថា មិនពេញចិត្តជាមួយលោកអាបេ ដូច្នេះទើបចង់សម្លាប់ចោល។

សូមជម្រាបដែរថា ជនសង្ស័យខាងលើគឺត្រូវបានគេរាយការណ៍មកថា ធ្លាប់ជាសមាជិកនៃក្រុមការពារដែនទឹករបស់ជប៉ុន ឬគេនិយមហៅថាក្រុម Navy ជប៉ុន។

មកទល់នឹងពេលនេះ មិនមានព័ត៌មានជាក់លាក់ណាស្ដីពីស្ថានភាពរបស់លោកអាបេនៅឡើយ ស្របពេលថ្នាក់ដឹកនាំ និងប្រជាជនទូទាំងពិភពលោក កំពុងបន់ស្រន់សូមឲ្យអតីតនាយករដ្ឋមន្ត្រីជប៉ុន អាចឆ្លងផុតពីគ្រោះដ៏អាក្រក់មួយនេះចុះ៕