លោក Tadashi Yanai គឺជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំប្រទេសជប៉ុន និងជាស្ថាបនិក Fast Retailing ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនលក់ខោអាវដ៏ល្បី Uniqlo ដែលមានសាខារាប់ពាន់ទូទាំងពិភពលោក។

យោងតាមរបាយការណ៍ចុះផ្សាយដោយ Forbes បានឲ្យដឹងថា លោក Tadashi មានទ្រព្យសម្បត្តិសរុបប្រមាណជិត ២៦ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ០៨ កក្កដា និងជាបុគ្គលមានបំផុតលើលោកទី ៥៤។

មុននឹងឈានមកដល់ចំណុចនេះ បុរសវ័យ ៧៣ ឆ្នាំធ្លាប់មានអាជីពជាអ្នកលក់សម្ភារៈផ្ទះបាយ និងសម្លៀកបំពាក់បុរសនៅផ្សារទំនើប JUSCO ក្នុងឆ្នាំ ១៩៧១ ហើយរំលងបានមួយឆ្នាំ លោកក៏ចូលរួមជាមួយឪពុកបើកហាងកាត់ដេរតាមចិញ្ចើមផ្លូវវិញ។

លុះដល់ឆ្នាំ ១៩៨៤ លោកបានបើកហាង Uniqlo ដំបូងនៅទីក្រុង Hiroshima និងបានប្ដូរឈ្មោះក្រុមហ៊ុនឪពុកពី Ogori Shoji ទៅជា Fast Retailing នៅឆ្នាំ ១៩៩១។

“ខ្ញុំមើលមកដូចជាជោគជ័យសំបើមណាស់ ប៉ុន្តែខ្ញុំបានបង្កកំហុសរាប់ភ្លេច។ គ្រប់គ្នាតែងតែចាត់ទុកកំហុសជាធំ រហូតស្ទើរបោះបង់ក្ដីស្រមៃ។ អ្នកត្រូវតែរក្សាភាពវិជ្ជមានជានិច្ច ហើយត្រូវតែជឿជាក់លើខ្លួនឯងថា នៅពេលក្រោយអ្នកនឹងទទួលបានជោគជ័យ”។ នេះគឺជាដំបូន្មានរបស់បុគ្គលមានបំផុតនៅជប៉ុន៕