យោងតាមសារព័ត៌មាន Nikkei បានចុះផ្សាយថា ប្រទេសឡាវគឺកំពុងពិភាក្សាក្នុងការទិញប្រេងពី ប្រទេសរុស្ស៊ី ក្នុងតម្លៃធូរថ្លៃ ខណៈតម្រូវការនៅក្នុងប្រទេសកំពុងមានការកើនឡើង។

ប្រភពខាងលើបានអះអាងទៀតថា ឡាវគឺជាប្រទេសនៅអាស៊ានចុងក្រោយបំផុត ដែលកំពុងដើរតាមដានចាស់របស់ស្រីលង្កា ពោលនឹងអាចជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារបំណុលវ័ណ្ឌក កង្វះខាតប្រេងឥន្ធនៈ និងប្រឈមនឹងអតិផរណា។
ស្ថានីយប្រេងដែលធ្លាប់តែបើកដល់ម៉ោង ៩ យប់ ពេលនេះម៉ោង ៤ រសៀលមិនទាន់ទេ បិទទ្វារអស់រលីង ដោយសារតែគ្មានប្រេងលក់ ស្របពេលអតិថិជនតម្រង់ជួរចាំទិញប្រេងច្រើនសន្ធឹក។ នេះបើតាមការចុះផ្សាយពី Nikkei។

ដោយឡែក សារព័ត៌មាន Laotian Times ក៏បានរាយការណ៍ដែរថា ដើម្បីអាចទប់ទល់នឹងស្ថានការណ៍បាន រដ្ឋាភិបាលឡាវមានតែរកទិញប្រេងក្នុងតម្លៃធូរថ្លៃ បើទោះជាត្រូវរកប្រភពផ្គត់ផ្គង់ថ្មីៗ រាប់ទាំងរុស្ស៊ីផងដែរ។
សូមជម្រាបដែរថា ឥន្ធនៈរបស់រុស្ស៊ីគឺមានតម្លៃធូរថ្លៃជាងទីផ្សារអន្តរជាតិដល់ទៅ ៧០% ស្របពេលលឺតម្រុយមកថា រដ្ឋាភិបាលឡាវកំពុងត្រៀមកិច្ចព្រមពៀងទិញដូរជាមួយរុស្ស៊ីនាពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយពី Nikkei៕