ក្រុមហ៊ុនរបស់មហាសេដ្ឋីម៉ាឡេស៊ី ដេញថ្លៃឈ្នះគម្រោងសង់ផ្លូវរថភ្លើងល្បឿនលឿន ទៅសិង្ហបុរី

អន្តរជាតិ

ក្រុមហ៊ុន Ekovest Construction ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Ekovest របស់មហាសេដ្ឋីលោក Lim Kang Hoo បានដេញថ្លៃឈ្នះលើគម្រោងមានតម្លៃ ១,៩៨ ពាន់លានរីងហ្គីត ឬ ៤៤៧ លានដុល្លារ ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ពីរដ្ឋ Johor Bahru ភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី ទៅកាន់ប្រទេសសិង្ហបុរី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា ផ្លូវដែកប្រវែង ៤ គីឡូម៉ែត្រនេះ ត្រូវបានហៅថា ជាគម្រោងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនរហ័ស ដែលត្រូវបានរំពឹងថានឹងអាចដឹកអ្នកដំណើរចំនួន ១០ ០០០ នាក់ ក្នុងមួយម៉ោង តាមគោលដៅនីមួយៗ នៅពេលបញ្ចប់ការសាងសង់ នៅឆ្នាំ ២០២៦ ស្របពេលវាក៏នឹងអាចផ្តល់នូវមធ្យោបាយដឹកជញ្ជូនជំនួស និងជួយកាត់បន្ថយចរាចរណ៍យានយន្តនៅលើផ្លូវថ្នល់ ។

គួរឱ្យដឹងថា គម្រោងមួយនេះ បានស្ថិតនៅក្នុងរូបភាពអស់រយ:ពេលជាច្រើនឆ្នាំមកហើយ ខណ:ដំបូងឡើយគេគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៤ ប៉ុន្តែការអនុវត្តត្រូវបានផ្អាក នៅខែមេសា ឆ្នាំ ២០១៩ ដោយសារតែរដ្ឋាភិបាលម៉ាឡេស៊ី បានស្នើសុំឱ្យមានការផ្លាស់ប្តូរគម្រោងជាថ្មី មុនពេលវាត្រូវបានអនុម័តឱ្យមានការសាងសង់ឡើងវិញ កាលពីឆ្នាំមុន ។

ក្រុមហ៊ុន Ekovest Chonstruction កំពុងទទួលបានសិទ្ធិក្នុងការសាងសង់ស្ថានីយ៍ Bukit Chagar ដោយរួមបញ្ចូលទាំងកន្លែងធ្វើអន្តោប្រវេសន៍ និងកន្លែងធ្វើចត្តាឡីស័ក របស់ម៉ាឡេស៊ី និងផ្លូវដែកប្រវែង ២,៧ គីឡូម៉ែត្រ ដែលតភ្ជាប់ទៅនឹងស្ថានីយ៍ Woodlands North MRT ក្នុងប្រទេសសិង្ហបុរី ។

ហើយចំពោះស្ថានីយ៍ Woodlands North MR រួមជាមួយកន្លែងធ្វើអន្តោប្រវេសន៍ កន្លែងចត្តាឡីស័ក និងផ្លូវដែកប្រវែងប្រហែល ១,៣ គីឡូម៉ែត្រ នៅក្នុងប្រទេសសិង្ហបុរី ទទួលម៉ៅការដោយក្រុមហ៊ុន Penta Ocean របស់ប្រទេសជប៉ុន និងក្រុមហ៊ុន China Communications Construction Co ។

ដោយឡែក ក្រុមហ៊ុន EKovest បាននិយាយ កាលពីដើមសប្តាហ៍នេះថា គម្រោងមួយនេះ នឹងអាចជួយរួមចំណែកជាវិជ្ជមាន ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន នៅពេលដែលប្រាក់ចំណេញសុទ្ធរបស់ Ekovest បានធ្លាក់ចុះ ៩៣% ក្នុងឆ្នាំអាជីវកម្ម ដែលត្រូវបានបញ្ចប់ទៅកាលពីថ្ងៃ ៣១ ខែមីនា ខណ:ពេលដែលប្រាក់ចំណូលពីអាជីវកម្មសំណង់របស់ខ្លួនវិញ បានធ្លាក់ចុះដល់ ៦៤% ៕