ប្រធានាធិបតីស្រីលង្កា លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សាចុះចេញពីអំណាចក្រោយមានសកម្មភាពតវ៉ាដ៏កក្រើក ដោយក្រុមបាតុករនាំគ្នាចូលលុកលុយ វិមានប្រធានាធិបតី ហើយថែមទាំងបានដុតបំផ្លាញគេហដ្ឋានរបស់នាយករដ្ឋមន្រ្តី នៅក្នុងរដ្ឋធានីកូឡុំបូ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ កក្កដានេះ។

ប្រធានសភាស្រីលង្កា បានឱ្យដឹងថា លោក ហ្កោតាបាយ៉ា នឹងចុះចេញពីតំណែងជាប្រធានាធិបតី នៅថ្ងៃពុធសប្តាហ៍ក្រោយ។ ទន្ទឹមនឹងនេះលោកក៏អំពាវនាវឱ្យប្រជាជនគោរពច្បាប់ និងរក្សាសន្តិភាពផងដែរ។

ជាមួយគ្នានេះដែរ នៅថ្ងៃសៅរ៍ម្សិលមិញ នាយករដ្ឋមន្រ្តីស្រីលង្កា លោក រ៉ានីល វីគរ៉េម៉េស៉ីងហ្កេ ក៏បានប្រកាសថា លោកនឹងចុះចេញពីតំណែងដូចគ្នា។

ការប្រកាសចុះចេញពីអំណាចរបស់មេដឹកនាំកំពូលទាំងពីររបស់ប្រទេសស្រីលង្កា ទំនងកើតឡើងបន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋាភិបាល បានកើតមានឡើងជាច្រើនខែមកហើយនៅស្រីលង្កា ដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ដែល ប្រទេសដីកោះមានប្រជាជន២២លាននាក់នេះ ទទួលរងគ្រោះនូវបញ្ហាអតិផរណាកម្រិតខ្ពស់ខ្លាំង ហើយមិនមានសមត្ថភាព ក្នុងការនាំចូលទំនិញមូលដ្ឋាន ដូចជា ស្បៀងអាហារ ប្រេងឥន្ធនៈ និងឱសថជាដើម៕
