អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងបាញ់ពីក្រោយខ្នងចំនួន២គ្រាប់ ខណៈពេលដែលលោកកំពុងថ្លែងសុន្ទរកថាយុទ្ធនាការបោះឆ្នោតសម្រាប់សភាជាន់ខ្ពស់កាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២ នៅភាគខាងលិចប្រទេសជប៉ុន។

ភ្លាមៗ លោកត្រូវបានឧទ្ធម្ភាចក្រមកដឹកយកទៅសង្គ្រោះបន្ទាន់ប៉ុន្តែជាអកុសល លោក Abe ស្ថិតក្នុងស្ថានភាពលំបាក ដោយបេះដូងរបស់គាត់បានឈប់ដំណើរការអំឡុងពេលសង្រ្គោះយកឡើងឧទ្ធម្ភាគចក្រ។

ជនសង្ស័យអាយុ៤១ឆ្នាំ ធ្លាប់បម្រើការងាររយៈពេល៣ឆ្នាំនៅក្នុងកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុនត្រូវបានចាប់ខ្លួន។ ប៉ូលីសបាននិយាយថា ជនសង្ស័យបានប្រាប់ពួកគេថា គាត់មិនពេញចិត្តនឹង Abe ហើយចង់សម្លាប់គាត់។

លោក Abe អាយុ៦៧ឆ្នាំ ជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេនៅប្រទេសជប៉ុន។ គាត់បានលាលែងពីតំណែងក្នុងខែកញ្ញា ឆ្នាំ២០២០ ដោយសារបញ្ហាសុខភាព។ យើងសូមបិទបញ្ចប់ប៉ុណ្ណេះសិន ដោយណែនាំប្រិយមិត្តមកស្គាល់ភរិយាអតីតនាយករដ្ឋមន្ត្រីល្បីឈ្មោះ Abe វិញម្តង។
តើស្រ្តីមេម៉ាយ (ភរិយាលោក Shinzo Abe) ជានរណា?

លោកស្រី Akie Abe អាយុ៦០ឆ្នាំ បានកើតក្នុងត្រកូលគ្រួសារអ្នកមានមួយនៅប្រទេសជប៉ុន។ ឪពុកគាត់ជាប្រធានក្រុមហ៊ុនធ្វើនំ Morinaga & Co.។ លោកស្រី បានសិក្សានៅសាលាឯកជនមួយសម្រាប់តែសិស្សស្រី ហើយក្រោយមកបានធ្វើការឱ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយមុនពេលនាងរៀបការជាមួយលោក Abe ក្នុងឆ្នាំ១៩៨៧។ នេះបើតាមលោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានឱ្យទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ។


លោកស្រី Akie ធ្លាប់ធ្វើការជាឌីជេឱ្យវិទ្យុមួយនៅប្រទេសជប៉ុនក្នុងទសវត្សរ៍ឆ្នាំ១៩៩០នៅក្នុងទីក្រុងកំណើតរបស់លោក Abe ហើយទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកស្តាប់តាមរយៈឈ្មោះហៅក្រៅរបស់គាត់ថា “Akky”។

នៅខែមីនា ឆ្នាំ២០១១ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិតរដ្ឋបាលជំនាញផ្នែករចនាសង្គម។ លោក អាបេ និងភរិយាមិនមានកូនទេ ទោះបីជាបានឆ្លងកាត់នីតិវិធីពេទ្យជាច្រើនលើកចង់ឱ្យមានកូនក្តី៕
