មកដឹងពីទំហំទ្រព្យសម្បត្តិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe មុនត្រូវគេធ្វើឃាត

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានរងការវាយប្រហារ ដោយខ្មាន់កាំភ្លើងបាញ់ពីក្រោយខ្នង អំឡុងពេលលោកកំពុងថ្លែងសុន្ទរកថាយុទ្ធនាការបោះឆ្នោត សម្រាប់សភាជាន់ខ្ពស់ កាលពីថ្ងៃសុក្រ ទី ៨ ខែកក្កដា ឆ្នាំ ២០២២ នៅឯទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Abe ត្រូវបានគេដឹកតាមឧទ្ធម្ភាគចក្រ ទៅកាន់មន្ទីពពេទ្យភ្លាមៗ ក្រោយពីបានដួលនៅហ្នឹងកន្លែង បន្ទាប់ពីទទួលរងការប្រហារ ប៉ុន្តែបើទោះបីជាក្រុមគ្រូពេទ្យជំនាញ បានព្យាយាមព្យាបាលលោក អស់រយ:ពេល ៦ ម៉ោងក៏ដោយ តែគួរឱ្យសោកស្តាយ នៅតែមិនអាចជួយសង្រ្គោះលោក ឱ្យបន្តរស់រានមានជីវិតបាននោះឡើយ ។

ក្រឡេកទៅមើលជីវិតផ្ទាល់ខ្លួនបន្តិច លោក Shinzo Abe បានរៀបការនៅក្នុងឆ្នាំ ១៩៨៧ ជាមួយលោកស្រី Akie Matsuzaki ដែលជាបុគ្គលិកសង្គម និងជាអ្នកនិយាយវិទ្យុ ប៉ុន្តែលោក Abe និងភរិយាមិនមានកូននោះទេ បើទោះបីជាបានឆ្លងកាត់ការព្យាបាលជាច្រើនលើក ចង់ឱ្យមានក្តី ។

បើនិយាយអំពីទំហំទ្រព្យសម្បត្តិរបស់លោក Abe វិញ យោងតាមរបាយការណ៍របស់ HighIncomeSource បានបង្ហាញថា លោកមានទ្រព្យសម្បត្តិសរុបប្រហែល ១០ លានដុល្លារ ដោយប្រាក់ខែជាមធ្យមរបស់គាត់ អាចរកបានប្រហែល ៧ ម៉ឺនដុល្លារ ខណ:បើគិតពីប្រាក់ចំណូលប្រចាំឆ្នាំវិញ លោកទទួលបានប្រហែល ១ លានដុល្លារ ។

លើសពីនេះ បើយោងតាមរបាយការណ៍ស្តីពីប្រាក់បៀវត្សរ៍របស់មេដឹកនាំពិភពលោកធំៗទាំង ១៣ ក្នុងឆ្នាំ ២០១៥ ដែលចេញផ្សាយដោយ Business Insider បានបង្ហាញថា លោក Abe ឈរនៅចន្លោះ រវាងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron និងប្រធានាធិបតីតួគីបច្ចុប្បន្ន លោក Recep Tayyip Erdogan ក្នុងនាមជាមេដឹកនាំអាចរកចំណូលបានច្រើនបំផុត ។

គួរបញ្ជាក់ផងដែរថា​ លោក Shinzo Abe បានក្លាយជានយករដ្ឋមន្ត្រីជប៉ុនជាលើកដំបូងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០០៦ ក្នុងវ័យ ៥២ ឆ្នាំ ហើយលោកត្រូវបានចាត់ទុកថាជានាយរដ្ឋមន្ត្រីកាន់តំណែងយូរបំផុត ក្នុងប្រវត្តិសាស្រ្តប្រទេសជប៉ុន ពោលគឺជិត ៩ ឆ្នាំ ដោយចូលកាន់តំណែងពីរលើក នៅឆ្នាំ ២០០៦ ដល់ ២០០៧ និង ២០១២ ដល់ឆ្នាំ ២០២០ ៕