កាលពីថ្ងៃទី ១១ កក្កដា ២០២២ តម្លៃប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា បានចុះថ្លៃបន្តិច ពោលសាំងធម្មតានឹងត្រូវកំណត់លក់នៅក្នុងតម្លៃ ៥ ៥១៥ រៀល/លីត្រ ខណៈប្រេងម៉ាស៊ូត ៥ ៨១៥ រៀល/លីត្រ។
ថ្វីបើតម្លៃប្រេងនៅកម្ពុជា កំពុងផ្ដល់សញ្ញាវិជ្ជមានបន្តិចម្ដងៗមកវិញ ប៉ុន្តែបណ្ដាប្រទេសជាច្រើន ជាពិសេសអាមេរិក គឺកំពុងមានការព្រួយបារម្ភខ្លាំងលើបញ្ហាមួយនេះ ដ្បិតវាអាចនឹងឡើងថ្លៃដល់ ៤០% បើសិនជាការចរចាជាមួយរុស្ស៊ីមិនអាចប្រព្រឹត្តទៅបាន។ នេះបើតាមការចុះផ្សាយពី CNA។
ដោយឡែក បើតាមមន្ត្រីរតនាគារអាមេរិកជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា តម្លៃប្រេងអាចនឹងកើនដល់ ១៤០ ដុល្លារក្នុងមួយបារ៉ែល បើសិនជាតម្លៃដែលបានស្នើឡើងលើប្រេងរុស្ស៊ីមិនត្រូវបានអនុម័ត រួមជាមួយនឹងការលើកលែងទណ្ឌកម្មដែលនឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនក្រោមតម្លៃនោះ។
បន្ថែមពីនោះ Reuters ក៏បានចុះផ្សាយទៀតថា មន្ត្រីរតនាគារ Janet Yellen ក៏បានស្នើសុំជួបមន្ត្រីហិរញ្ញវត្ថុប្រទេសជប៉ុន Shunichi Suzuki ក្នុងគោលបំណង កំណត់តម្លៃលើការផលិតប្រេងរបស់រុស្ស៊ី ដើម្បីអាចឲ្យពួកគេបន្តចែកចាយទូទាំងសកលលោក ប៉ុន្តែនឹងមិនឲ្យមានតម្លៃថ្លៃពេកឡើយ។
អាជ្ញាធរជប៉ុនបានបង្ហាញពីការព្រួយបារម្ភ អំពីការកំណត់តម្លៃប្រេងទាបពេក ប៉ុន្តែមិនបដិសេធពីសំណើកំណត់តម្លៃចន្លោះពី ៤០ ទៅ ៦០ ដុល្លារក្នុងមួយបារ៉ែលឡើយ៕