កាលពីថ្ងៃច័ន្ទកន្លងទៅ អង្គការសហប្រជាជាតិហៅកាត់ UN បានព្យាករណ៍ថា ចំនួនប្រជាជនសរុបលើពិភពលោកនឹងកើនដល់ ៨ ពានលាននាក់នៅពាក់កណ្ដាលខែវិច្ឆិកា ស្របពេលឆ្នាំក្រោយប្រទេសចិន នឹងលែងក្លាយជាមហាអំណាចមានប្រជាជនច្រើនបំផុតទៀតហើយ។

យោងតាមរបាយការណ៍ដែលបានចុះផ្សាយលើ World Population Day បានបង្ហាញថា ឥណ្ឌានឹងបន្តវេនជាប្រទេសមានប្រជាជនច្រើនបំផុតនៅឆ្នាំ ២០២៣ ស្របពេលចំនួនប្រជាជនសរុបទូទាំងពិភពលោកអាចនឹងកើនដល់ ៨,៥ ពាន់លាននាក់នៅឆ្នាំ ២០៣០ និង ៩,៧ ពាន់លាននាក់នៅឆ្នាំ ២០៥០ និងឡើងដល់ខ្ពស់បំផុតប្រហែល ១០,៤ ពាន់លាននាក់អំឡុងទសវត្ស ២០៨០។

របាយការណ៍ក៏បានបញ្ជាក់ទៀតថា ចំនួនប្រជាជននៅ ៦១ ប្រទេសនឹងមានការធ្លាក់ចុះ ១% ឬច្រើនជាងនេះចន្លោះឆ្នាំ ២០២២ និង ២០៥០ ស្របពេលប្រទេសដូចជាប៊ុលហ្គារី ឡាតវី លីទុយអានី សែប៊ី និងអ៊ុយក្រែន អាចមានការថយចុះ ២០% ឬច្រើនជាងនេះ។
សូមជម្រាបដែរថា ចំនួនប្រជាជនសរុបទូទាំងពិភពលោកនាពេលនេះគឺ ៧,៩៤២ ពាន់លាននាក់ ស្របពេលចំនួនប្រជាជននៅឥណ្ឌាមាន ១,៤១២ ពាន់លាននាក់ ខណៈនៅចិនមាន ១,៤២៦ ពាន់លាននាក់៕