រថយន្ត Ford តាំងពីឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២២ ច្រើនជាង ១០០ ០០០ គ្រឿង ត្រូវបានប្រមូលចូលរោងចក្រដើម្បីជួសជុលឡើងវិញ ក្រោយរកឃើញបញ្ហាដែលប្រឈមហានិភ័យបង្កជាអគ្គិភ័យ។ នេះបើតាមការចុះផ្សាយពី The Verge។

ក្នុងចំណោមរថយន្តទាំងនោះមានម៉ូដែលដូចជា Escape, Lincoln Corsair SUV និងប្រភេទ Pick Up Maverick ហើយការប្រមូលរថយន្តមកវិញនេះ គឺប្រមូលតែប្រភេទម៉ាស៊ីន ២,៥ លីត្រប៉ុណ្ណោះ។

បញ្ហាដែលបានរកឃើញក្នុងឡានទាំងនេះ គឺដោយសារប្រេងម៉ាស៊ីន និងចំហេះប្រេងមានការលេចជ្រាបដល់ផ្នែកម៉ាស៊ីនដែលក្ដៅ នឹងបង្កជាអគ្គិភ័យ។ នេះបើតាមសារព័ត៌មានជាច្រើនបានចុះផ្សាយ។

ដោយឡែក ក្រុមហ៊ុន Ford ក៏បានបញ្ជាក់ដែរថា នឹងផ្ដល់ដំណឹងជូនដល់ម្ចាស់រថយន្តដែលបានប្រមូលចូលរោងចក្រវិញ ពេលដែលចាប់ដ្ដើមជួសជុលចាប់ពីថ្ងៃទី ០៨ សីហាតទៅ ហើយមកទល់ពេលនេះ មានករណីឆេះរថយន្តអំឡុងពេលប្រើប្រាស់ចំនួន ២៣ ករណីទូទាំងសកលលោក ប៉ុន្តែមិនមានរងរបួសអ្វីឡើយ៕