ក្តៅ! ប្រធានាធិបតីស្រីលង្កា ត្រូវបានហាមឃាត់ នៅឯព្រលានយន្តហោះ ខណ:ព្យាយាមរត់គេចខ្លួន

អន្តរជាតិ

យោងតាមប្រភពច្បាស់ការមួយ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរបស់ប្រទេសស្រីលង្កា លោក Gotabaya Rajapaksa ត្រូវបានបុគ្គលិកអន្តោប្រវេស៍ នៅឯព្រលានយន្តហោះហាមឃាត់ អំឡុងពេលដែលលោកព្យាយាមរត់គេចខ្លួន នៅចំពេលស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេស កាន់តែអាក្រក់ទៅៗ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិតណាស់ លោក Rajapaksa បានសន្យាថា នឹងលាលែងចេញពីតំណែង រួមទាំងព្រមទទួលការផ្លាស់ប្តូរអំណាចដោយសន្តិភាពផងដែរ បន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំង ប្រឆាំងទៅនឹងការដឹកនាំរបស់លោក ជុំវិញការដែលធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ពីមុនមក ។

យ៉ាងណា បើយោងតាមមន្ត្រីស្រីលង្កា បាននិយាយថា មេដឹកនាំវ័យ ៧៣ ឆ្នាំរូបនេះ បានរត់ភៀសខ្លួន ចេញពីលំនៅដ្ឋានរបស់លោក ក្នុងទីក្រុង Colombo ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឌុយបៃ មុនពេលដែលក្រុមបាតុកររាប់ម៉ឺននាក់ បានសម្រុកចូលទៅកាន់ផ្ទះរបស់លោក កាលពីថ្ងៃសៅរ៍ ។

គួរឱ្យដឹងថា នៅក្នុងនាមជាប្រធានាធិបតី លោក Rajapaksa ទទួលបានអភ័យឯកសិទ្ធិពីការចាប់ខ្លួន ហើយគាត់ត្រូវបានគេជឿជាក់ថា មានបំណងចង់ចេញទៅខាងក្រៅប្រទេស មុនពេលចុះចេញពីតំណែង ដើម្បីគេចវេសពីលទ្ធភាព ដែលអាចឈានទៅដល់ការឃុំខ្លួន ។

ប៉ុន្តែ អំឡុងពេលព្យាយាមឡើងយន្តហោះ ប្រធានាធិបតីរូបនេះ​ ត្រូវបានក្រុមមន្ត្រីអន្តោប្រវេសន៍ បដិសេធមិនព្រមផ្តល់ជូនសេវាកម្ម VIP សម្រាប់លិខិតឆ្លងដែនរបស់លោកនោះឡើយ ខណ:ពេលដែលលោក Rajapaksa ទទូចថានឹងមិនប្រើប្រាស់សេវាកម្ម នៅកន្លែងសារធាណ:នោះឡើយ ដោយ​សារ​តែខ្លាច រងការវាយប្រហារ ដោយអ្នកដំណើរស្រីលង្កាផ្សេងទៀត ។

បញ្ជាក់ផងដែរថា Rajapaksa និងភរិយារបស់លោក បានចំណាយពេលមួយយប់នៅឯមូលដ្ឋានយោធាមួយ ក្បែរអាកាសយានដ្ឋានអន្តរជាតិ បន្ទាប់ពីបានខកខានជើងហោះហើរចំនួនបួន សម្រាប់នាំយកលោកទៅកាន់ប្រទេសអារ៉ាប់រួម ៕