មាស គឺជាប្រភេទមួយនៃការជួញដូរជាសកល ដែលត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ បើទោះបីជាក្រដាសប្រាក់ហាក់មានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងក៏ពិតមែន ប៉ុន្តែ “មាស” គឺនៅតែត្រូវបានចាត់ទុកជារូបិយវត្ថុដ៏មានតម្លៃលើវិស័យពាណិជ្ជកម្មដដែល។

ជាទូទៅ ប្រទេសនីមួយៗតែងតែមានទុនបម្រុងជាតិ ខណៈភាគច្រើនពួកគេតែងយករូបិយប័ណ្ណលុយដុល្លារជាធំ ដោយសារលុយដុល្លារគឺជារូបិយប័ណ្ណមានការទទួលស្គាល់ទូទាំងពិភពលោក ប៉ុន្តែប្រទេសមហាអំណាចមួយចំនួនក៏បានសន្សំមាសជាទុនបម្រុងរបស់ពួកគេផងដែរ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះប្រទេស ៥ ដែលមានទុនបម្រុងមាសច្រើនបំផុតលើលោក ផ្អែកតាម Investopedia៖
5/ រុស្ស៊ី

ប្រទេសរុស្ស៊ីបានផ្ដួលចិន និងបានក្លាយជាប្រទេសមានទុនបម្រុងមាសច្រើនបំផុតទី ៥ ក្នុងលោកក្នុងឆ្នាំ ២០១៨ ហើយពួកគេតែងតែលក់វិក្កយបត្ររតនាគារអាមេរិក (U.S. Treasury bonds) ដើម្បីទិញលោហធាតុសំខាន់ៗដូចជា មាស និងប្រាក់ជាដើម។ បច្ចុប្បន្ន រុស្ស៊ីមានមាសនៅក្នុងប្រទេសប្រមាណ ២ ៣០២ តោន។
4/ បារាំង

ប្រទេសបារាំងសព្វថ្ងៃមានទុនបម្រុងមាសច្រើនបំផុតទី ៤ លើលោកប្រមាណ ២ ៤៣៦,៥ តោន។
3/ អ៊ីតាលី

ធ្លាប់មានពាក្យចចាមអារ៉ាមថា មានការស្នើសុំឲ្យអ៊ីតាលីលក់មាសរបស់ខ្លួន ដើម្បីជួយថវិកាដល់សហភាពអឺរ៉ុបដែលធ្លាប់ជួបវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែគម្រោងទាំងនោះមិនដែលបានចេញជារូបរាងឡើយ។ អ៊ីតាលីមានទុនបម្រុងមាស ២ ៤៥១,៨ តោន។
2/ អាល្លឺម៉ង់

ប្រទេសនាំចូលឧស្ម័នធំបំផុតពីរុស្ស៊ីមួយនេះ ឈរនៅលេខ ២ នាមជាប្រទេសមានមាសច្រើនបំផុតលើលោក ប្រមាណ ៣ ៣៥៩,១ តោន ហើយមាសទាំងនោះត្រូវបានរក្សាទុកនៅធនាគារ Deutsche Bundesbank ធនាគារទុនបម្រុងសហព័ន្ធអាមេរិក និងនៅធនាគារ Bank of England។
1/ អាមេរិក

សហរដ្ឋអាមេរិកជាប្រទេសមានមាសច្រើនបំផុតលើលោក ប្រមាណ ៨ ១៣៣,៥ តោន ហើយមាសគឺជារូបិយវត្ថុដ៏សំខាន់បំផុតរបស់មហាអំណាចមួយនេះ ដោយបានគ្រប់គ្រង ៧៥% នៃទុនបម្រុងជាតិសរុបឯណោះ។
សូមជម្រាបដែរថា ក្រៅពីប្រទេសទាំង ៥ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF ក៏ជាអង្គការមានទុនបម្រុងមាសច្រើនបំផុតផងដែរ ដោយមានមាសច្រើនជាងអ៊ីតាលី ប៉ុន្តែតិចជាងអាល្លឺម៉ង់។ នេះបើតាមសេចក្ដីរាយការណ៍ពី Investopedia៕