យោងតាមការចុះផ្សាយពី BBC បានឲ្យដឹងថា លោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កាតាមរយៈការជិះយន្តហោះយោធា ទៅកាន់ប្រជុំកោះ Maldives ជាមួយភរិយា និងកងការពារ ២ រូបផ្សេងទៀត។
យ៉ាងណា ប្រភពជិតស្និទ្ធមួយបានទម្លាយប្រាប់ BBC បន្ថែមថា ប្រធានាធិបតីរូបនេះនឹងមិននៅប្រជុំកោះ Maldives តែមួយកន្លែងឡើយ ពោលគឺមានបំណងហោះទៅកាន់ប្រទេសទី ៣ នៅពេលដ៏ខ្លីខាងមុខ។
ដោយឡែក បងប្រុសរបស់លោក អតីតមន្ត្រីហិរញ្ញវត្ថុ Basil Rajapaksa ក៏បានជម្លៀសខ្លួនពីប្រទេសផងដែរ និងត្រូវបានគេរាយការណ៍មកថា កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។
សូមជម្រាបដែរថា កាលពីប៉ុន្មានថ្ងៃមុន ក្រុមបាតុករបានធ្វើការឡោមព័ទ្ធភូមិគ្រឹះរបស់ថ្នាក់ដឹកនាំរូបនេះ បន្ទាប់ពីចោទប្រកាន់ថា នយោបាយដឹកនាំប្រទេសរបស់ត្រកូល Rajapaksa បានធ្វើឲ្យស្រីលង្កាធ្លាក់ក្នុងរណ្ដៅសេដ្ឋកិច្ចធ្ងន់ធ្ងរ៕