នៅថ្ងៃទី ១៣ កក្កដា ២០២២ នេះ ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសតាមរយៈការជិះយន្តហោះយោធា ទៅកាន់ប្រជុំកោះ Maldives ក្រោយមានការបាតុកម្មទាមទារឲ្យថ្នាក់ដឹកនាំរូបនេះចុះចេញពីតំណែងជាក្បាលម៉ាស៊ីនដឹកនាំប្រទេស។

ការភៀសខ្លួនរបស់ថ្នាក់ដឹកនាំរូបនេះ កើតមានឡើងតែប៉ុន្មានម៉ោងមុនពេលប្រកាសលាលែងពីតំណែងជាផ្លូវការប៉ុណ្ណោះ ហើយបច្ចុប្បន្នការិយាល័យនាយករដ្ឋមន្ត្រីបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុកធំៗជាច្រើន។

ទន្ទឹមនឹងនោះ ប្រធានសភា Mahinda yapa Abeywardena បានទម្លាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សភានឹងបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នឹងធ្វើឡើង ៥ ថ្ងៃបន្ទាប់ពីបញ្ចប់ការប្រជុំមួយនោះ។

សូមជម្រាបដែរថា ការជម្លៀសខ្លួនចេញពីប្រទេសស្រីលង្ការបស់លោក Gotabaya ប្រៀបដូចជាកិច្ចបញ្ចប់ការគ្រប់គ្រងឆាកនយោបាយនៃប្រទេសស្រីលង្ការបស់ត្រកូល Rajapaksa ក្នុងរយៈពេល ២ ទសវត្សចុងក្រោយអញ្ចឹង៕