ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី និងរុស្ស៊ី គ្រោងនឹងធ្វើការរួមគ្នា លើគម្រោងជាច្រើន រួមទាំងផែនការក្នុងការសាងសង់រោងចក្រចម្រាញ់ប្រេង ដែលមានតម្លៃ ១៦ ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន The Straits Times ។
ប្រភពដដែលនេះ បានបង្ហាញពីសម្តីរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ឥណ្ឌូនេស៊ី ដែលបាននិយាយថា ក្រុមហ៊ុនប្រេងស្ថិតនក្រោមការគ្រប់គ្រងដោយរដ្ឋ Pertamina និងក្រុមហ៊ុន Rosneft Oil Company របស់រុស្ស៊ី កំពុងបន្តគម្រោងរបស់ពួកគេ ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេង នៅក្នុងខេត្តភាគខាងកើត កោះជ្វា របស់ឥណ្ឌូនេស៊ី ដើម្បីផលិតឥន្ធន: និងវត្ថុធាតុដើម សម្រាប់ឧស្សាហកម្មគីមីឥន្ធន: ។
គួរឱ្យដឹងថា ក្រុមហ៊ុនទាំង ២ បានបង្កើតក្រុមហ៊ុនបណ្តាក់ទុករួមគ្នាមួយ គឺ PT Pertamina Rosneft Pengolahan dan Petrokimia ដែលមានមូលដ្ឋាននៅទីក្រុងហ្សាកាតា ដែលនឹងគ្រប់គ្រងទៅលើទីតាំងផលិតប្រេង East Java’s New Grass Refinery Root (NGRR) នៅទីក្រុង Tuban ហើយអាចទាញយកទិន្នផលប្រេងសាំងបាន ២២៩,០០០ បារ៉ែលក្នុងមួយថ្ងៃ។
បញ្ជាក់ទៀតថា ក្រុមហ៊ុន Rosneft នឹងរួមចំណែក ៤៥% នៃការវិនិយោគសរុប សម្រាប់គម្រោងមួយនេះ ស្របពេលក្រុមហ៊ុន Pertamina របស់ឥណ្ឌូនេស៊ី នឹងគ្រប់គ្រងចំណែកដែលនៅសេសសល់ ។
ជាងនេះទៅទៀត នៅពេលដែល គម្រោងនេះ ត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ នោះវានឹងជួយប្រទេសឥណ្ឌូនេស៊ីបានយ៉ាងច្រើនក្នុងការកាត់បន្ថយ ការពឹងផ្អែករបស់ខ្លួន លើប្រេងឥន្ធនៈដែលបាននាំចូល និងកំពុងមានការឡើងថ្លៃ ៕