មកស្គាល់បេក្ខភាពនាំមុខគេទាំង ៨ រូប នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស

អន្តរជាតិ

បេក្ខភាពចំនួន ៨ រូប កំពុងតែនាំមុខគេ នៅក្នុងការបោះឆ្នោតជុំទីមួយ សម្រាប់ការចូលកាន់តំណែងជំនួស លោក Boris Johnson នាមជាមេដឹកនាំរបស់គណបក្សភិរក្សនិយម និងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអង់គ្លេស ខណ:ពេលដែលការបោះឆ្នោត គ្រោងនឹងបញ្ចប់ជាផ្លូវការ នៅថ្ងៃទី ៥ ខែកញ្ញាខាងមុខ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Boris Johnson បានប្រកាសថានឹងលាលែងចេញពីតំណែងរបស់លោក នៅពេលដែលរដ្ឋមន្ត្រីក្នុងមុខតំណែងផ្សេងទៀត រួមទាំងជំនួយការសមាជិកសភានៅក្នុងបក្ស មិនតិចជាង ៥០ បានសុំលាលែងពីតំណែងជាបន្តបន្ទាប់ ស្របពេលដែលការគាំទ្ររបស់លោក Johnson បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយលេចឡើងរឿងអាស្រូវថ្មីៗមួយចំនួន ។

គួរឱ្យដឹងថា មេដឹកនាំបក្សអភិរក្សថ្មី នឹងត្រូវបានជ្រើសរើស នៅក្នុងការបោះឆ្នោតពីរដំណាក់កាល ដែលក្នុងនោះមានសមាជិកសភាមកពីបក្សកាន់អំណាច ចំនួន ៣៥៨ នាក់ ខណ:នឹងត្រូវបោះឆ្នោតជម្រុះ រហូតដល់សល់បេក្ខភាពចុងក្រោយចំនួន ២ នាក់ ហើយចំពោះបេក្ខភាពណា ដែលមិនទទួលបានសំឡេងឆ្នោតយ៉ាងហោចណាស់ ៣០ សំឡេង នឹងត្រូវកាត់ឈ្មោះចេញ ក្នុងការបោះឆ្នោតមួយជុំ ។

ជាងនេះទៅទៀត បេក្ខភាព ត្រូវមានសមាជិកសភាយ៉ាងហោចណាស់ ២០ រូប ដើម្បីគាំទ្រចូលរួមប្រកួតប្រជែង ពោលគឺកើនឡើងពីចំនួនធម្មតា ៨ រូប ហើយប្រសិនបើបេក្ខភាពណាមួយ ដែលមិនទទួលបានការគំាទ្រពីសមាជិកសភា ចំនួន ៣០ រូប ក្នុងសន្លឹកឆ្នោតដំបូងទេនោះ នឹងត្រូវលុបឈ្មោះចោល ។

បញ្ជាក់ផងដែរថា នៅក្រោមប្រព័ន្ធសភារបស់ចក្រភពអង់គ្លេស អ្នកដែលត្រូវជំនួសតំណែងរបស់លោក Boris Johnson នឹងក្លាយជានាយករដ្ឋមន្ត្រីរបស់អង់គ្លេសដោយស្វ័យប្រវត្តិ ពោលគឺមិនចាំបាច់មានការបោះឆ្នោតជាសកលនោះឡើយ ។

ខាងក្រោមនេះ គឺជាឈ្មោះបេក្ខភាពកំពុងនាំមុខគេទាំង ៨ រូប សម្រាប់ការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ៖

Rishi Sunak

លោក Rishi ដែលបានលាលែងចេញពីតំណែងជាអ្នកត្រួតពិនិត្យកិច្ចការងារជាតិ និងធ្លាប់បានជំរុញឱ្យមានការបះបោរប្រឆាំងទៅនឹងលោក Johnson បានលេចវត្តមាន ក្លាយជាបេក្ខភាពដ៏មានប្រជាប្រិយភាព ក្នុងការក្លាយជាមេដឹកនាំរបស់បក្ស ។

Penny Mordaunt

លោកស្រី Penny ជាលេខាការពារជាតិស្រ្តីដំបូង របស់ចក្រភពអង់គ្លេស ដែលឥឡូវនេះ កំពុងបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្មវ័យក្មេង ហើយបច្ចុប្បន្នក៏ជាបេក្ខភាព នាំមុខគេមួយរូបផងដែរ សម្រាប់តំណែងជានាកយរដ្ឋមន្ត្រីថ្មី ។

Liz Truss

លោកស្រី Liz ជារដ្ឋមន្ត្រីការបរទេសស្រ្តី ដំបូងរបស់ចក្រភពអង់គ្លេស ក៏បានចូលរួមក្នុងការប្រកួតប្រជែងតំណែងដ៏ធំនេះផងដែរ ជាមួយនឹងការសន្យាថា នឹងផ្តោតទៅលើការកាត់បន្ថយពន្ធ ចាប់ពីថ្ងៃដំបូង នៅពេលឡើងកាន់តំណែង ។

Tom Tugendhat

បុរសវ័យ ៤៩ ឆ្នាំ គឺជាប្រធានគណៈកម្មាធិការជ្រើសរើសកិច្ចការបរទេសដ៏មានឥទ្ធិពល និងជាសមាជិកសភា ដែលនិយាយដោយឥតសំចៃមាត់ ក្នុងការរិះគន់លើលោក Johnson និងពេលខ្លះក៏បាននិយាយរិះគន់ទៅលើសហរដ្ឋអាមេរិកផងដែរ ។

Jeremy Hunt

ក្នុងនាមជាអតីតរដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Jeremy Hunt កំពុងឈរឈ្មោះសម្រាប់តំណែងមួយផ្សេងទៀត ក្នុងការក្លាយជាមេដឹកនាំគណបក្សអភិរក្ស បន្ទាប់ពីចាញ់លោក Johnson ក្នុងឆ្នាំ ២០១៩។

Kemi Badenoch

លោកស្រី គឺជាបេក្ខភាពដ៏សំខាន់មួយផ្សេងទៀត ដែលមានភាគរយច្រើនសម្រាប់តំណែងនេះ ខណ:នៅវ័យត្រឹម ៤២ ឆ្នាំ លោកស្រីបានឡើងឋានៈយ៉ាងឆាប់រហ័ស ចាប់តាំងពីបានក្លាយជាសមាជិកសភានៅក្នុងឆ្នាំ ២០១៧ ។

Nadhim Zahawi

បុរសវ័យ ៥៥ ឆ្នាំ ត្រូវបានតែងតាំងជាអ្នកត្រួតពិនិត្យកិច្ចការងារជាតិ នាពេលថ្មីៗនេះ ហើយនៅ តិចជាងពីរថ្ងៃប៉ុណ្ណោះ ក្រោយការតែងតាំង លោកបានអំពាវនាវឱ្យលោក Jonhson ចុះលាលែងពីតំណែង។

Suella Braverman


ចុះក្រោយ គឺអគ្គមេធាវី លោកស្រី Suella Braverman ជាបេក្ខភាពដំបូង ដែលបានប្រកាសថាលោកស្រី នឹងចូលរួមក្នុងការប្រជែង យកតំណែងជាមេដឹកនាំ សូម្បីតែមុនពេល Johnson បាននិយាយថាគាត់នឹងលាលែងពីតំណែងក៏ដោយ ។