យោងតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានឲ្យដឹងថា គណបក្ស Liberal Democrat Party ហៅកាត់ LDPR ដែលជាគណបក្សប្រឆាំងនៅប្រទេសរុស្ស៊ីបានស្នើឲ្យរដ្ឋាភិបាលប្ដូរគោរមងារ “ប្រធានាធិបតី” របស់លោក វ៉្លាឌីមៀរ ពូទីន ទៅជា “អ្នកគ្រប់គ្រង”វិញ។
សារព័ត៌មានដដែលបានបន្ថែមថា LDPR បានអះអាងថា គោរមងារ “ប្រធានាធិបតី” សព្វថ្ងៃនេះគឺ ជាពាក្យជំនាន់ថ្មីដើម្បីហៅថ្នាក់ដឹកនាំជាន់ខ្ពស់ បន្ទាប់ពី មានការដួលរលំនៃសហភាពសូវៀតប៉ុណ្ណោះ ខណៈកាលពីអតីតភាព ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំសហភាពគឺត្រូវបានគេហៅថា “ប្រធាន” ឬ “អគ្គលេខាធិការ”។
លើសពីនេះ គណបក្សប្រឆាំងរដ្ឋាភិបាលបានអះអាងទៀតថា គោរមងារ “ប្រធានាធិបតី” គឺមិនសក្ដិសមប្រើសម្រាប់ថ្នាក់គ្រប់គ្រងប្រទេសឡើយ ដោយសារវាត្រូវបានប្រើប្រាស់ជាទូទៅ បន្ទាប់ពី George Washington ក្លាយជាប្រធានាធិបតីអាមេរិកដំបូងនៅឆ្នាំ ១៧៨៩។
គោរមងារដែលសក្ដិសមប្រើប្រាស់ជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសរុស្ស៊ីគួរតែជា “Pravitel” ឬ ” Gulava Guosodarstva” ដែលមានន័យថា អ្នកគ្រប់គ្រងកំពូលប្រចាំរដ្ឋ។
សូមជម្រាបដែរថា “Pravitel” គឺគ្រាន់តែជាការហៅឲ្យស្ដាប់ទៅដូចជាសម័យបុរាណប៉ុណ្ណោះ ហើយវាក៏មិនមែនជារបៀបវារៈនៃហៅសែស្រឡាយរាជវង្សរុស្ស៊ីពីសម័យបុរាណដូចគ្នា៕