វិបត្តិសេដ្ឋកិច្ច និងនយោបាយដែលកំពុងកើតមានឡើងនៅក្នុងប្រទេសស្រីលង្កាពេលនេះ គឺបានធ្វើឲ្យវិស័យពាណិជ្ជកម្មរបស់ឥណ្ឌាមានការកកស្ទះជាខ្លាំង ដ្បិតប្រទេសដីកោះខាងលើគឺជាគោលដៅជួញដូរផលិតផលកសិកម្មដូចជា ស្ករស ទំពាំងបាយជូរ និងខ្ទឹមបារាំងដ៏ធំសម្រាប់ឥណ្ឌា។

កាលពី ឆ្នាំ ២០២១-២២ ការនាំចេញរបស់ឥណ្ឌាមកកាន់ប្រទេសដីកោះគឺ មានទំហំប្រមាណ ៥,២០៨៣ ពាន់លានដុល្លារ ដែលមានសន្ទុះ ៦៥% បើធៀបនឹងឆ្នាំមុនៗ ខណៈផលិតផលនាំចេញសំខាន់ៗមានដូចជា សម្ភារៈវិស្វកម្ម ម្សៅទឹកដោះគោ ស្ករស ខ្ទឹមបារាំង និងទំពាំងបាយជូរ។

ទីផ្សារស្ករសរបស់ស្រីលង្កា គឺពឹងផ្អែកស្ទើរទាំងស្រុងទៅលើការនាំចូលពីឥណ្ឌា ពោលស្ករសប្រមាណ ៤ ទៅ ៥ ម៉ឺនតោនដែលប្រជាជនស្រីលង្កាប្រើប្រាស់ជារៀងរាល់ខែ មានចំណែកនាំចូលពីឥណ្ឌាដល់ទៅ ៩០%។ នេះបើតាមការចុះផ្សាយពី IndianExpress។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលបីខែចុងក្រោយនេះ ជាពិសេសចាប់តាំងពីវិបត្តិសេដ្ឋកិច្ចបានចាប់ផ្តើមមក ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាបានបញ្ឈប់ការដឹកជញ្ជូនរបស់ពួកគេទៅកាន់ប្រទេសនេះ។ នេះបើតាមសម្ដីរបស់លោក Rahil Sheikh ប្រធានផ្នែកគ្រប់គ្រង MEIR Commodities បានមានប្រសាសន៍៕