ថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសថៃ បានអនុម័តទៅលើផែនការមេមួយ ដើម្បីសាងសង់ទីក្រុងវៃឆ្លាត តម្លៃ ១,៣៤ ទ្រីលានបាត ឬ ៣៥,៩ ពាន់លានដុល្លារ នៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មពិសេស នៅជិតទីក្រុងបាងកក ។
យោងតាមអាជ្ញាធរមូលដ្ឋាន បាននិយាយថា ផែនការមេមួយត្រូវបានអនុម័ត ដោយក្រុមដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ខណ:ទីក្រុងឆ្លាតវៃថ្មីនេះ នឹងត្រូវបានចចេញជារូបរាងឡើង ក្នុងរយ:ពេល ១០ ឆ្នាំខាងមុខ ។
ទីក្រុងនេះ នឹងត្រូវសាងសង់ឡើង នៅក្នុងស្រុក Huai Yai ខេត្ត Chonburi ដែលមានចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ពីទីក្រុងបាងកក ដែលគ្រប់ដណ្តប់លើផ្ទៃដី ២ ៣៤០ ហិកតា ។ នេះបើយោងតាម លោក Kanit Sangsubhan អគ្គលេខាធិការនៃចក្ររបៀងសេដ្ឋកិច្ចភាគខាងកើត បានប្រាប់ឱ្យដឹង ។
គម្រោងដ៏ធំមួយនេះ នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួនប្រាំ សម្រាប់ឱ្យក្រុមហ៊ុន ធ្វើការជួលជាតំបន់ពាណិជ្ជកម្ម ដោយទាំងនេះ នឹងរួមបញ្ជូលទាំងមជ្ឈមណ្ឌល សម្រាប់បង្កើតទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងតំបន់ មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងតំបន់សម្រាប់វេជ្ជសាស្ត្រច្បាស់លាស់ ការស្រាវជ្រាវ ការអភិវឌ្ឍន៍អន្តរជាតិ និងឧស្សាហកម្មនាពេលអនាគត ដូចជាថាមពលស្អាត និងបច្ចេកវិទ្យា 5G ជាដើម។

លើសពីនេះ លោក Kanit បាននិយាយទៀតថា នៅក្នុងត្រីមាសដំបូង នៃទីក្រុងថ្មីនេះ នឹងត្រូវបានរចនាឡើងដើម្បីផ្ទុកមនុស្សចំនួន ៣៥០,០០០ នាក់នៅឆ្នាំ ២០៣២ និងបង្កើតការងារផ្ទាល់ចំនួន ២០០ ០០០ កន្លែង ហើយនឹងអាចទាក់ទាញការវិនិយោគប្រហែល ២,២ ទ្រីលានលានបាតក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងថ្មី ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ច្រើននេះ អាចបន្ថែមទឹកប្រាក់ប្រមាណ ២ ទ្រីលានបាតដល់ផលិតផលក្នុងស្រុកសរុប របស់ប្រទេសថៃ ក្នុងរយៈពេល ១០ ឆ្នាំ ហើយតម្លៃនៃទ្រព្យសកម្ម បន្ទាប់ពីរយៈពេលសម្បទាន ៥០ ឆ្នាំនឹងកើនឡើង ៥ ដង ៕