ស្ដេចត្រាញ់​អចលនទ្រព្យ​ហុងកុង​ប្រកាស​ក្ស័យធន​តាម​សាលក្រម​ ក្រោយ​គ្មាន​លទ្ធភាព​សងបំណុល​

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ លោក Pan Sutong វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ​ដ៏​មាន​មុខមាត់​នៅ​ហុងកុង ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​លោក​ប្រកាស​ក្ស័យធន ក្រោយ​គ្មាន​សមត្ថភាព​សងបំណុល​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុង​សាលក្រម​ប្រកាស​ដោយ​តុលាការ គឺ​តម្រូវ​ឲ្យ​លោក Pan ត្រូវតែ​បោះបង់​ក្រុមហ៊ុន Silver Starlight Ltd បន្ទាប់​ពី​មិន​អាច​សងបំណុល​គេ​បាន​ រាប់​ទាំង​ការ​ជំពាក់​ធនាគារ China Citic Bank Corp ៨ ពាន់​លាន​ដុល្លារ​ហុងកុង ឬ​ប្រមាណ ១ ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ ២០១៩។

សូម​ជម្រាប​ដែរ​ថា ក្នុង​ចំណោម​មហាសេដ្ឋី​អាស៊ី​ទាំងអស់ លោក Pan រៀង​ដុនដាប​ជាង​គេ​បន្តិច ដោយសារ​ទ្រព្យសម្បត្តិ​របស់​លោក​មាន​ការ​ថយ​ចុះ​ខ្លាំង ក៏​ព្រោះ​តែ​តម្លៃ​ភាគហ៊ុន Goldin Financial Holdings Ltd ដាំក្បាល​ចុះ​ ដ្បិត​ទីផ្សារអចលនទ្រព្យ​នៅ​ហុងកុង​កំពុង​ផ្ដល់​សញ្ញា​អវិជ្ជមាន។

ជាលទ្ធផល អតីត​មហាសេដ្ឋី​ម្នាក់​នេះ​របូត​លុយ​ប្រមាណ ២៧ ពាន់​លាន​ដុល្លារ ហើយ​កាលពី​ខែមុន​លោក​បាន​លាឈប់​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​នៃ​ក្រុមហ៊ុន Goldin Financial ទៀត​ផង។

គួសរំលឹក​ដែរ​ថា ចាប់ពី​ខែឧសភា ២០១៧ មក​ទល់​ខែកញ្ញា ២០២០ លោក Pan និង Goldin Financial បាន​ជំពាក់​បំណុល​ប្រមាណ​ ៣៨ ពាន់​លាន​ដុល្លារ​ហុងកុង ឬ​ប្រហែល​ជិត ៥ ពាន់​លាន​ដុល្លារ ពី​ការ​លក់​អចលនទ្រព្យ ៤ កន្លែង​នៅ​ហុងកុង​។ នេះ​បើតាម​ទិន្នន័យ​ពី​ផ្សារហ៊ុន និង Bloomberg៕