ប្រធានាធិបតី Gotabaya Rajapaksa បានជម្លៀសខ្លួនពីប្រទេសស្រីលង្កា បន្ទាប់ពីក្រុមបាតុករធ្វើការឡោមព័ទ្ធភូមិគ្រឹះរបស់លោក និងទាមទារឲ្យថ្នាក់ដឹកនាំម្នាក់នេះលាលែងពីតំណែងជាក្បាលម៉ាស៊ីននៃប្រទេសស្រីលង្កា។

លោក Rajapaksa បានធ្វើដំណើរមកកាន់ប្រជុំកោះ Maldives ហើយកាលពីថ្ងៃទី ១៤ កក្កដាម្សិលមិញ លោកបានមកដល់ប្រទេសសិង្ហបុរីជាប្រទេសទី ៣ នៃការគេចខ្លួនរបស់លោក ស្របពេលលឺល្ហៀងៗថា គោលដៅបន្ទាប់អាចជាអារ៉ាប៊ីសាអូឌីត។

យ៉ាងណា គ្រាន់តែមកដល់សិង្ហបុរីមិនបានប៉ុន្មានផង ប្រធានាធិបតីរូបនេះបានផ្ញើលិខិតលាលែងតំណែងទៅកាន់រាជរដ្ឋាភិបាលស្រីលង្កា តាមរយៈ E-mail ភ្លាមៗតែម្ដង។ នេះបើតាមការឲ្យដឹងពីការិយាល័យប្រធានសភា។

ទោះជាយ៉ាងណា លិខិតលាលែងតំណែងមួយនោះគឺមិនទាន់អាចប្រកាសជាផ្លូវការនៅឡើយ ដោយត្រូវឆ្លងកាត់ការពិនិត្យម្ដងទៀតសិន មុនពេលសម្រេចជាផ្លូវការនៅពេលឆាប់ៗនេះ៕