កាលពីពេលកន្លងទៅនេះ មហាសេដ្ឋីជនជាតិអេស្ប៉ាញ និងជាស្ថាបនិករបស់ប្រេនសម្លៀកបំពាក់ដ៏ល្បីល្បាញ Zara លោក Amancio Ortega កំពុងស្ថិតនៅក្នុងកិច្ចចរចា ជុំវិញការទិញយកអគារកម្ពស់ ៦៤ ជាន់ ដែលស្ថិតនៅ Financial District ក្នុងទីក្រុងញូវយ៉ក ។

បើយោងតាមការចុះផ្សាយចុងក្រោយមួយ ពីសារព័ត៌មានThe Real Deal បាននបង្ហាញឱ្យដឹងថា ក្រុមហ៊ុនឯកជន Pontegadea របស់លោក Amancio នឹងត្រូវបង់ប្រាក់ចំនួន ៥០០ លានដុល្លារ សម្រាប់ការទិញយកអចលនទ្រព្យមួយនេះ ។
លើសពីនេះ ក្រុមហ៊ុន Pontegadea បាននិយាយទៀតថា ៖ ” មានការចរចា ដែលកំពុងបន្ត ហើយកិច្ចព្រមព្រៀងមួយនេះ អាចនឹងត្រូវបញ្ចប់ នៅក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ” ។

គួរឱ្យដឹងផងដែរថា លោក Amancio ក៏ជាម្ចាស់ភាគហ៊ុនដ៏សំខាន់មួយ នៅក្នុងក្រុមហ៊ុនលក់រាយ Inditex និងជាសហគ្រិនដ៏ជោគជ័យបំផុតម្នាក់ ក្នុងចំណោមសហគ្រិន ដែលមានទ្រព្យសម្បត្តិច្រើនបំផុតទាំង ៣០ របស់ពិភពលោក ។
បញ្ជាក់ទៀតថា គម្រោងនៅក្នុងការទិញយកអគារមានកម្ពស់រហូតដល់ ២៣៤ ម៉ែត្រនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី Pontegadea ថ្មីៗនេះ ក៏បានចុះកិច្ចព្រមព្រៀងទិញយកអគារការរិយាល័យដ៏ធំបំផុតមួយ នៅទីក្រុងតូរ៉ុនតូផងដែរ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យ របស់មហាសេដ្ឋីសញ្ជាតិអេស្ប៉ាញរូបនេះ ក៏បានទិញយកអគារខ្ពស់កប់ពពក Royal Bank Plaza ក្នុងតម្លៃជិត ៨០០ លានដុល្លារផងដែរ ៕