ថ្មីៗនេះ ប្រធានអាជ្ញាធរក្រុង Nusantara Capital (IKN) របស់ប្រទេសឥណ្ឌូនេស៊ី លោក Bambang Susantono បាននិយាយថា រដ្ឋធានីដែលស្ថិតនៅក្នុងការបង្កើតថ្មី អាចនឹងក្លាយជាផ្ទះ សម្រាប់ប្រជាជនរស់នៅប្រហែល ១,៧ ទៅ ១,៩ លាននាក់ នៅឆ្នាំ ២០៤៥ ។

បើយោងតាម លោក Bambang បាននបង្ហាញថាទៀតថា ការភិវឌ្ឍន៍រដ្ឋធានីថ្មីនេះ នឹងត្រូវអនុវត្តជាបីដំណាក់កាលធំៗ គឺនៅឆ្នាំ ២០២៤ , ២០៣៥ និង ២០៤៥ ខណ:លោកថែមទាំងបានសម្តែងក្តីសង្ឃឹមទៀតថា នៅឆ្នាំ ២០៤៥ រដ្ឋធានីថ្មី Nusantara នឹងក្លាយជាប្រភពសេដ្ឋកិច្ច ដែលនឹងមានសមត្ថភាព ជំរុញឱ្យឥណ្ឌូនេស៊ី ក្លាយជាប្រទេសអភិវឌ្ឍន៍ ។
គួរឱ្យដឹងថា រដ្ឋធានីថ្មី ដែលមានទីតាំងនៅភាគខាងកើត Kalimantan គឺមានទំហំធំជាង ៤ ដងនៃទីក្រុង Jakarta ឬប្រហែល ៥៦ ០០០ ហិកតាឯណោះ ខណ:តំបន់នេះ រុំព័ទ្ធដោយព្រៃឈើត្រូពិក ហើយនឹងក្លាយជាកន្លែងស្រូបយកឧស្ម័នកាបូនិចយ៉ាងច្រើន ដែលនេះហើយជាមូលហេតុ ធ្វើឱ្យគម្រោងនេះ ទទួលបានការកោតសរសើរពីពិភពលោកយ៉ាងខ្លាំង ។

ហើយមិនតែប៉ុណ្ណោះ ថ្មីៗនេះ ក្រុមហ៊ុនចម្រុះជាតិសាសន៍ចំនួនពីរ គឺ Foxconn និង Fosun កំពុងតែបានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការចូលមកវិនិយោគ នៅក្នុងគម្រោងរដ្ឋធានី Nusantara នេះផងដែរ ៕