លោក Amancio Ortega ស្ថាបនិកក្រុមហ៊ុនលក់សម្លៀកបំពាក់ធំបំផុតមួយលើលោក Zara បានប្រកាសទិញយកអគារពាណិជ្ជកម្មមួយឈ្មោះ Dutch 19 នៅទីក្រុង New York សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពី The Real Deal និងបានបញ្ជាក់ផ្ទាល់ពីអ្នកតំណាង Ortega។

ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុន Pontegadea ដែលគ្រប់គ្រងដោយ Ortega បានចុះកុងត្រាទិញយកអគារពាណិជ្ជកម្មទំនើបកំពស់ ៦៤ ជាន់ ក្នុងតម្លៃប្រហែល ៥០០ លានដុល្លារ ហើយវាត្រូវបានលក់ដោយ Carmel Partners។

សូមជម្រាបដែរថា កាលពីដើមឆ្នាំនេះ Pontegadea ក៏ធ្លាប់បានទិញអគារជាច្រើនណាស់មកហើយ ដូចជាអគារពាណិជ្ជកម្មនៅ Glasgow តម្លៃប្រហែល ២៣៦ លានដុល្លារ និង Royal Bank Plaza នៅទីក្រុង Toronto ប្រទេសកាណាដា តម្លៃប្រហែល ៩១០ លានដុល្លារ។

ដោយឡែក បុរសដែលនៅពីក្រោយការទិញអគារពាណិជ្ជកម្មជាច្រើនកន្លែងនេះគឺជា អ្នកមានបំផុតប្រចាំអេស្ប៉ាញលោក Ortega ដែលមានទ្រព្យសម្បត្តិប្រមាណ ៤៨,៥ ពាន់លានដុល្លារ បើយោងតាមការចុះផ្សាយពី Bloomberg’s Billionaire Index៕