ក្រុម​មហាសេដ្ឋី​រុស្ស៊ី​ប្ដឹង​សហភាព​អឺរ៉ុប ជុំវិញ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ពួកគេ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុម​មហាសេដ្ឋី​រុស្ស៊ី​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សហភាព​អឺរ៉ុប បន្ទាប់​ពី​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ជុំវិញ​បញ្ហា​រុស្ស៊ី​បើក​ការ​ឈ្លានពាន​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណង​នៃ​ការ​ដាក់​ពាក្យបណ្ដឹង​នេះ​ផង​ដែរ គឺ​ដើម្បី​ស្នើ​ឲ្យ​លុបចោល​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំងអស់​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ហើយ​ក៏​បាន​អះអាង​ដែរ​ថា សិទ្ធរបស់​ពួកគេ​ត្រូវ​បាន​រំលោភបំពាន និង​បដិសេធ​ពី​ការ​ចោទប្រកាន់​ថា​ មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​វិមាន​ក្រឹមឡាំង។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី The Wall Street Journal។

ក្នុង​ចំណោម​ដើមចោទ​ទាំងអស់​មាន​ដូចជា ស្ដេចត្រាញ់​លោហធាតុ Alisher Usmanov, មេធំ​ធនាគារ Alfa Bank និង​លោក Roman Abramovich ជាដើម ខណៈ​អតីត​ម្ចាស់ក្លឹប​ Chelsea បាន​លើកឡើង​ថា សហភាព​អឺរ៉ុប​បាន​រំលោភបំពាន​សិទ្ធ​បុគ្គល​របស់​លោក ក្នុង​នាម​ជា​ជនជាតិ​ព័រទុយហ្គាល់។

បន្ថែម​ពី​នោះ មាន​មហាសេដ្ឋី​ខ្លះ​ទៀត ក៏​មាន​បំណង​ចង់​ឲ្យ​សហភាព​អឺរ៉ុប​សង​នូវ​ថ្លៃ​ខូចខាត​ដែល​បង្ក​ដោយ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ ស្របពេល​លឺ​ល្ហៀងៗ​មក​ថា EU ក៏​កំពុង​ពិចារណា​លើ​ការ​លុប​ចោល​គំនាប​សេដ្ឋកិច្ច​លើ​ក្រុម​ស្ដេចត្រាញ់​រុស្ស៊ី​ផងដែរ។

ទន្ទឹម​នឹង​នោះ សារព័ត៌មាន Bloomberg បាន​រាយការណ៍​ដែរ​ថា មហាសេដ្ឋី​រុស្ស៊ី​ប្រហែល ៤០ នាក់​នឹង​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ខ្មៅ ខណៈ ៣០ នាក់​ទៀត​នឹង​ត្រូវ​ជួប​តទល់​ជាមួយ EU ដោយ​ផ្ទាល់​នៅ​តុលាការ៕