រថយន្ត Mercedes-Benz ត្រកូល G Class គឺជាប្រភេទរថយន្តអភិជន មានរាងតូចច្រឡឹង ប៉ុន្តែរចនាបថខាងក្នុងមិនបាច់បរិយាយ ទំនើបស៊ីវិល័យតែម្ដង។ យ៉ាងណា ចំពោះតម្លៃរបស់វាវិញ ក៏ថ្លៃមិនធម្មតាផងដែរ ពោលប្រមាណចាប់ពី ១៦០ ០០០ ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយ Caranddriver។

យ៉ាងណា ថ្មីៗនេះមានបែកធ្លាយនូវវីដេអូក្រៅប្រទេសមួយដែលបានបង្ហាញពីរថយន្តមួយប្រភេទដែលមានរូបរាងដូចស្ទើរទាំងស្រុងជាមួយរថយន្តលំដាប់អភិជន Mercedes-Benz AMG G63 ប៉ុន្តែវាមានឈ្មោះថា CyberTank 300 ជាផលិតផលរបស់ក្រុមហ៊ុន Great Wall Motors នៃប្រទេសចិន។

CyberTank 300 បង្ហាញខ្លួនដំបូងនៅពិព័រណ៍រថយន្តក្នុងខែមេសា Shanghai Auto Show ហើយផលិតឡើងតែ ៣០០០ គ្រឿងប៉ុណ្ណោះ ខណៈតម្លៃរបស់វាវិញគឺប្រមាណ ៣០៨ ០០០ យ័ន ឬប្រហែល ៤៧ ០០០ ដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពី Carnewschina។

រថយន្តមួយគ្រឿងនេះ អាចផលិតកម្លាំងរហូតដល់ ២២៧ Hp និងមានកម្លាំងរមួល ៣៨៧ Nm មានប្រអប់លេខអូតូ ៨ វគ្គ មានកាមេរ៉ា ៣៦០ ដឺគ្រេ ខណៈរចនាបថខាងក្នុងវិញកាន់តែមានប្រណីតភាពតែម្ដង៕