សហភាពអឺរ៉ុបបានបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី តាំងពីរុស្ស៊ីបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែននៅចុងខែកុម្ភៈមកទល់បច្ចុប្បន្ន បានកើនឡើងប្រមាណ ១៤ ពាន់លានដុល្លារ។ នេះបើតាមសម្ដីរបស់ស្នងការយុត្តិធម៌សហភាពអឺរ៉ុប Didier Reynders។

មន្ត្រីជាន់ខ្ពស់ខាងលើបានបង្ហើបទៀតថា ទ្រព្យសម្បត្តិប្រហែល ១៤ ពាន់លានដុល្លារអាមេរិកនោះ គឺកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសចំនួន ៦ នៅអឺរ៉ុប ដែលមានដូចជា អាល្លឺម៉ង់ បារាំង អៀរឡង់ អូទ្រីស បែលហ្ស៊ិក និងប្រទេសលុចសំបួរ។

លោក Reynders បានបញ្ជាក់ទៀតថា លោកបានស្នើទៅ EU ចំពោះសំណើដែលទាក់ទងនឹងការរំលោភបំពានលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលត្រូវបានចាត់ទុកជាអំពើឧក្រិដ្ឋកម្ម ហើយបើយោងតាមការអះអាងរបស់លោក វានឹងអាចឲ្យ EU មានសិទ្ធមិនត្រឹមតែបង្កកទេ តែថែមទាំងអាចរឹបអូសទ្រព្យសម្បត្តិបានថែមទត។

បុរសខាងលើបានបន្ថែមទៀតថា សហភាពអឺរ៉ុបបានយល់ព្រម និងគាំទ្រសំណើរបស់លោក ហើយមានគម្រោងនឹងអនុវត្តសំណើនេះនៅរដូវស្លឹកឈើជ្រុះ៕