កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋចិនបានបដិសេធមិនព្រមបន្តបង់ប្រាក់ដល់គម្រោងសាងសង់ផ្ទះដែលមិនបានបញ្ចប់ទាន់ពេលវេលាប្រហែល ១០០ គម្រោងនៅទីក្រុងចំនួន ៥០ ជាហេតុបណ្ដាលឲ្យក្រុមវិនិយោគិនមានការព្រួយបារម្ភជាខ្លាំង។
ទាក់ទងនឹងបញ្ហាមួយនេះ រដ្ឋាភិបាលចិនក៏បានចេញមុខជួយដោះស្រាយផងដែរ ដោយបានស្នើសុំទៅកាន់ធនាគារ ក្នុងការផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ជូនក្រុមវិនិយោគិនដើម្បីអាចឲ្យពួកគេបញ្ចប់គម្រោងសាងសង់ទាន់ពេលវេលា។
គោលបំណងនៃការស្នើសុំនេះ ធ្វើឡើងជាការឆ្លើយតបនឹងតម្រូវការរបស់អតិថិជនដែលចង់ឲ្យគម្រោងសាងសង់បញ្ចប់កាន់តែលៀនកាន់តែរហ័ស ស្របពេលក្រុមវិនិយោគិនក៏ចង់ពន្លឿនការសាងសង់របស់ពួកគេផងដែរ។
គួសរំលឹកដែរថា កាលពីសប្ដាហ៍មុន អតិថិជនមួយក្រុមបានចេញមុខប្រឆាំងនឹងការបង់ប្រាក់លើអចលនទ្រព្យដែលសាងសង់មិនទាន់រួច ខណៈនេះគឺជាបញ្ហាដ៏ធំមួយកំពុងកើតមានឡើងលើវិស័យអចលនទ្រព្យនៃប្រទេសចិន ស្របពេលសារព័ត៌មានជាតិបង្ហើបថា វានឹងកាន់តែមានហានិភ័យ បើសិនជាកំណើនអតិថិជនគាំទ្រការមិនបង់ប្រាក់លើគម្រោងដែលសាងសង់មិនទាន់រួច។
ទន្ទឹមនឹងនោះ មានរបាយការណ៍មួយបានចុះផ្សាយថា រដ្ឋាភិបាលបានស្នើឲ្យធនាគារគាំទ្រដល់ក្រុមវិនិយោគិន ក្នុងការស្ដារទីផ្សារអចលនទ្រព្យឡើងវិញ ស្របពេលធនាគារក៏នឹងដើរតួជាអ្នកសម្របសម្រួលជាមួយអតិថិជនទិញផ្ទះ និងការពារសិទ្ធរបស់ពួកគេថែមទៀត៕