កាលពីថ្ងៃច័ន្ទកន្លងទៅ តម្លៃប្រេងនៅតែបន្តឡើងថ្លៃ បន្ទាប់ពីប្រធានាធិបតី ចូ បៃឌិន វិលត្រឡប់ពីតំបន់មជ្ឈិមបូព៌ាវិញ ជាមួយនឹងភាពបរាជ័យក្នុងការចរចាបន្ថែមការផ្គត់ផ្គង់ ពីអាណាចក្រប្រេងនៅទីនោះ។ នេះបើតាមការចុះផ្សាយពី Theguardian។

សូមជម្រាបដែរថា ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា លោក ចូ បៃឌិន មានបំណងចង់ស្នើឲ្យអារ៉ាប៊ីសាអូឌីត បន្ថែមចំនួនផ្គត់ផ្គង់នៃប្រេងរបស់ពួកគេ ដើម្បីអាចសម្រួលដល់បញ្ហាជាសកលបានមួយចំណែក។

ក្រោយពីបរាជ័យក្នុងភារកិច្ចមួយនេះ តម្លៃប្រេងឆៅបានកើនឡើង ២,៦% ឬ ១០៣,៨៨ ដុល្លារនៅថ្ងៃច័ន្ទ បន្ទាប់ពីមន្ត្រីការបរទេសប្រចាំអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បដិសេធមិនព្រមបន្ថែមចំនួនប្រេងដែលត្រូវចែកចាយ។

បន្ថែមពីនោះ ព្រះអង្គម្ចាស់ក៏បាននិយាយទៀតថា កិច្ចប្រជុំ US-Arab កាលពីថ្ងៃសៅរ៍ គឺមិនបានជជែកគ្នាពីបញ្ហាប្រេងឡើយ ហើយសមាជិក Opec+ នឹងនៅតែបន្តផ្ដល់ទំនិញលើទីផ្សារអន្តរជាតិតាមតម្រូវការដូចមុន៕