កាលពីថ្ងៃចន្ទ ប្រទេសចិន បាននិយាយថា ខ្លួនស្វាគមន៍ហ្វីលីពីនជានិច្ច ក្នុងការចរចាចំពោះកិច្ចសហប្រតិបត្តិការគម្រោងផ្លូវដែក នៅពេលដែលរដ្ឋាភិបាលទីក្រុងម៉ានីល កំពុងស្វែងរកការពិនិត្យឡើងវិញ នូវកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ជុំវិញការផ្តល់ជំនួយទៅលើការសាងសង់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ នៅក្នុងប្រទេសនេះ ។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់អ្នកសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងថា ៖ ” ប្រទេសចិន នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាមួយហ្វីលីពីន ដើម្បីសាងសង់គម្រោងគោល ក្នុងប្រទេសនេះបន្ថែមទៀត ” ។
គួរឱ្យដឹងថា សេចក្តីថ្លែងការណ៍មួយនេះ បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីហ្វីលីពីនថ្មី លោក Ferdinand Marcos Jr បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក ធ្វើការចរចាឡើងវិញ នូវលក្ខខណ្ឌហិរញ្ញវត្ថុ ជាមួយប្រទេសចិន លើគម្រោងផ្លូវដែក ដែលមានតម្លៃ ៤,៩០ ពាន់លានដុល្លារ ដូចដែលបានព្រមព្រៀង ដោយរដ្ឋាភិបាលកាន់អំណាចពីមុន លោក Rodrgo Duterte ។
ហើយមិនតែប៉ុណ្ណោះ យោងតាមកាសែតចិន Global Times បានបង្ហាញពីអ្វី ដែលលោក Wang បាននិយាយថា ៖ ” ប្រទេសចិន ស្វាគមន៍ហ្វីលីពីនជានិច្ច ក្នុងការចរចាលើកិច្ចសហប្រតិបត្តិការលើគម្រោងផ្លូវដែកជាមួយប្រទេសចិន ” ។
តែទោះជាយ៉ាងណាក៏ដោយ លោក Carlos Dominguez III អតីតលេខាធិការហិរញ្ញវត្ថុហ្វីលីពីន បានបង្ហាញថា លោកនៅតែមានភាពសង្ស័យចំពោះរដ្ឋាភិបាលទីក្រុងប៉េកាំង ចំពោះការផ្តល់ជូនអត្រាការប្រាក់ទាប ឬយ៉ាងណានោះឡើយ ចំពោះប្រាក់កម្ចីសម្រាប់ការសាងសង់ផ្លូវដែកនេះ ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលរបស់លោក Marcos កំពុងពិចារណាផ្តោតតែទៅលើជំនួយអភិវឌ្ឍន៍ផ្លូវការ និងភាពជាដៃគូសារណ: និងឯកជនប៉ុណ្ណោះ ដែលជាគោលនយោបាយផ្ទុយពី រដ្ឋាបាលរបស់អតីតប្រធានាធិបតី លោក Duterte ដែលមានការពឹងផ្នែកខ្លាំងតែទៅលើប្រាក់កម្ចី និងជំនួយបរទេស សម្រាប់គម្រោងផ្តល់មូលនិធិ ៕