ថ្មីៗនេះ អាជ្ញាធរទេសចរណ៍ថៃ ឬហៅកាត់ថា TAT បាននិយាយថា ប្រទេសរបស់ខ្លួន រំពឹងថាអាចនឹងរកប្រាក់ចំណូលបានរហូតដល់ទៅ ២,៣៨ ទ្រីលានបាត ឬ ៦៥,០៣ ពាន់លានដុល្លារ ពីឧស្សាហកម្មទេសចរណ៍ នៅឆ្នាំក្រោយ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
នៅក្នុងការព្យាករនេះផងដែរថា ប្រាក់ចំណូលចំនួន ១,៥ ទ្រីលានបាត ត្រូវបានរំពឹងថានឹងទទួលបានមកពីភ្ញៀវទេសចរអន្តរជាតិ និង ៨៨០ ពាន់លានបាតផ្សេងទៀត នឹងបានពីភ្ញៀវទេសចរនៅក្នុងស្រុក ស្របពេលរដ្ឋមន្ត្រីរបស់ TAT លោក Yuthasak Supasorn បានអះអាងទៀតថា ចំនួននេះគឺស្មើប្រហែល ៨០% នៃប្រាក់ចំណូលបានពីវិស័យទេសចរណ៍របស់ប្រទេសថៃ មុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ។
គួរឱ្យដឹងផងដែរថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសប្រហែល ២ លាននាក់ ក្នុងរយ:ពេល ៦ ខែដំបូង នៅឆ្នាំ ២០២២ នេះ ដោយមើលឃើញថាជាការងើបឡើងវិញ ជាលំដាប់ បន្ទាប់ពីឧស្សាហកម្មទេសចរណ៍របស់ខ្លួន ស្ទើតែបានដួលរលំទៅហើយ ដោយសារតែជំងឺរាតត្បាត រួមទាំងតម្រូវការដ៏ស្មុគស្មាញ និងការរឹតត្បិតផ្សេងៗ អស់រយ:ពេលជាង ១៨ ខែ ។
ជាងនេះទៅទៀត កាលពីដើមឆ្នាំនេះ ប្រទេសថៃ បានចាប់ផ្តើមធ្វើកម្មវិធីផ្តល់ជូនទិដ្ឋាការរយ:ពេលវែងជាងមុន សម្រាប់ជនបរទេស ដែលមានទ្រព្យសម្បត្តិ និងសម្រាប់កម្មករជំនាញ ដោយប្រកាន់ខ្ជាប់នូវផែនការរបស់ខ្លួន ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរ ដែលមានការចំណាយខ្ពស់ នៅពេលដែលរដ្ឋាភិបាលថៃ ព្យាយាមស្តាឡើងវិញ ចំពោះការខាតបង់ផ្នែកអាជីវកម្មក្នុងវិស័យទេសចរណ៍ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ៕