សហភាពអឺរ៉ុប ហៅកាត់ EU កំពុងដុតដៃដុតជើងជាខ្លាំងជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី បន្ទាប់ពីមហាអំណាចមួយនេះបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែន។

យ៉ាងណា បើមើលពីទំហំសេដ្ឋកិច្ចវិញ រុស្ស៊ីមិនសូវជាខាតបង់ធ្ងន់ធ្ងរឡើយ ផ្ទុយទៅវិញអ្នកដែលទទួលរងថ្មបាក់ពីគំនាបសេដ្ឋកិច្ចដែល EU បានដាក់ទៅលើរុស្ស៊ី គឺភាគច្រើនជាសមាជិកនៃសហភាពអឺរ៉ុបតែម្ដង។

តួយ៉ាង ដូចជាប្រទេសក្រិកដែលកំពុងជួបវិបត្តិពាណិជ្ជកម្មលើវិស័យអាវរោមសត្វ ដែលកកស្ទះពេញទីផ្សារ ដោយសារការរារាំងមិនឲ្យមានការនាំចេញផលិតផលប្រភេទនេះទៅកាន់ប្រទេសរុស្ស៊ី ដែលជាម៉ូយដុំរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពី Reuters។

ក្រឡេកទៅមើលពីស្ថានភាពរបស់ម្ចាស់អាជីវកម្មលើវិស័យមួយនេះ គឺមានសភាពយ៉ាប់យ៉ឺនជាខ្លាំង ដោយសារអាវរោមសត្វ គឺមិនមានទីផ្សារក្នុងស្រុកឡើយ ដោយសារមានតម្លៃថ្លៃ។ ដូច្នេះក្រុមអាជីវករជាច្រើនបានទទូចឲ្យ EU ពិចារណាលើការដកការនាំចេញអាវរោមសត្វទៅកាន់ប្រទេសរុស្ស៊ីពីបញ្ជីទណ្ឌកម្មសេដ្ឋកិច្ច។

ក្រៅពីអាវរោមសត្វ ប្រទេសក្រិកក៏ទទួលរងផលប៉ះពាល់ខ្លាំងក្លាផងដែរពីចំហាយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដូចជាវិស័យកសិកម្មជាដើម។

សូមជម្រាបដែរថា អាវរោមសត្វជាផលិតផលមួយក្នុងចំណោមផលិតផលនាំចេញច្រើនបំផុតរបស់ក្រិក ប៉ុន្តែចំណូលពីផលិតផលមួយនេះមានការកាត់បន្ថយជារៀងរាល់ឆ្នាំ តួយ៉ាងចំណូលពីការនាំចេញទៅរុស្ស៊ីកាលពីឆ្នាំទៅទទួលបាន ១៤ លានអឺរ៉ូ ថយពី ៥៥ លានអឺរ៉ូកាលពីឆ្នាំ ២០១៧៕