កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Tehran ដើម្បីជួបសំណេះសំណាលជាមួយមេដឹកនាំអ៊ីរ៉ង់ និងតួកគី ខណៈនេះគឺជាលើកទី ២ បន្ទាប់ពីប្រទេសធំបំផុតលើលោកបើកការឈ្លានពានចូលប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពី BBC។
គោលបំណងនៃដំណើរទស្សនកិច្ចមួយនេះ គឺដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងរុស្ស៊ី និងប្រទេសក្បែរខាង ក៏ដូចជាបង្ហាញឲ្យលោកខាងលិចឃើញថា រុស្ស៊ីនៅតែមានទំនាក់ទំនងអន្តរជាតិ បើទោះជាសហភាពអឺរ៉ុប និងលោកខាងលិចព្យាយាមដាក់គំនាបសេដ្ឋកិច្ចយ៉ាងណាក្ដី។
នៅក្នុងកិច្ចសំណេះសំណាលនោះផងដែរ លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំជាន់ខ្ពស់របស់អ៊ីរ៉ង់បានលើកឡើងថា រដ្ឋាភិបាលទីក្រុង Tehran និងមូស្គូគួរតែរឹតចំណងមិត្តភាពឲ្យបានកាន់តែប្រសើរ ហើយបានគាំទ្រការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
“បើសិនជាអ្នកមិនចាប់ផ្ដើមទេ (ការឈ្លានពាន) នោះក្រុមម្ខាងទៀត (លោកខាងលិច) ប្រាកដជាចាប់ផ្ដើមបង្កាត់ភ្លើងសង្គ្រាមដោយខ្លួនគេជាក់ជាមិនខាន”។ នេះបើតាមសម្ដីលោក Khamenei បានប្រាប់ទៅកាន់ពូទីន។
ដោយឡែក សម្រាប់តួកគីវិញ បើទោះជាមានឈ្មោះជាសមាជិកតំបន់អឺរ៉ុបពិតមែន ប៉ុន្តែពួកគេមិនចូលរួមក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីឡើយ ផ្ទុយទៅវិញពួកគេប្រកាសថា នឹងឈរនៅចំណុចកណ្ដាល កាន់តួនាទីជាអ្នកសម្របសម្រួល៕