កាលពីប៉ុន្មានថ្ងៃកន្លងទៅ តុលាការប្រចាំប្រទេសរុស្ស៊ីបានធ្វើការពិន័យទៅលើក្រុមហ៊ុនយក្សអាមេរិក Google ដោយសារមិនអាចលុបនូវ ព័ត៌មានក្លែងក្លាយ ដែលចោទរុស្ស៊ីទាក់ទងនឹងការឈ្លានពានលើអ៊ុយក្រែន។ នេះបើតាមស្ថាប័នផ្នែកទំនាក់ទំនងរុស្ស៊ី Roskomnadzor បាននិយាយ។

ស្ថាប័នខាងលើបានបង្ហើបឲ្យដឹងទៀតថា តុលាការ Tagansky District Court បានពិន័យ Google ប្រមាណ ២១,១ ពាន់លានរ៊ូបល ឬប្រមាណ ៣៧០ លានដុល្លារ ដោយសារក្រុមហ៊ុនខាងលើបរាជ័យម្ដងហើយម្ដងទៀតក្នុងការលុបចេញនូវព័ត៌មានហាមប្រាម និងការរិះគន់គ្មានមូលដ្ឋានត្រឹមត្រូវ។
យ៉ាងណា ការផាកពិន័យលើ Google នៅរុស្ស៊ីប្រៀបដូចជា ទំលាប់មួយទៅហើយ ដោយសារកាលពីចុងឆ្នាំទៅក្រុមហ៊ុនខាងលើក៏ធ្លាប់ទទួលរងពិន័យប្រមាណ ៧ ពាន់លានរ៊ូបលផងដែរ។

សូមជម្រាបដែរថា ថ្វីបើជាញឹកញយ Google និង YouTube តែងត្រូវបានតុលាការរុស្ស៊ីផាកពិន័យជាច្រើនសារក្ដី ប៉ុន្តែផ្លេតហ្វមទាំង ២ នេះគឺមិនត្រូវបានបិទចោលដូចជា Twitter និង Meta Platforms ដែលគ្រប់គ្រងទាំង Facebook និង Instagram ឡើយ៕