ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសកំពុងខិតកាន់តែកៀកនឹងបញ្ចប់ ពោលការប្រកាសសម្រេចជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ៥ ខែកញ្ញា ខណៈបេក្ខភាព ២ រូបចុងក្រោយនឹងត្រូវប្រកាសនៅរាត្រីយប់នេះ។

យោងតាមការចុះផ្សាយពី CNA បានទម្លាយឲ្យដឹងថា បេក្ខភាព ២ រូបចុងក្រោយនឹងត្រូវប្រកាសនៅម៉ោង ១៥:០០ (ម៉ោងក្នុងស្រុក) ដែលត្រូវនឹងម៉ោង ២០:០០ នៅកម្ពុជា ខណៈនេះគឺជាការប្រកួតដ៏ស្វិតស្វាញរវាងរដ្ឋមន្ត្រីការបរទេស Liz Truss និង Penny Mordaunt ស្របពេលលោក Rishi Sunak គឺជាបេក្ខភាពជួរមុខ។

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ Sunak គឺនៅខ្វះតែ ២ សំឡេងប៉ុណ្ណោះ ដើម្បីធានាកៅអីជុំចុងក្រោយ ខណៈ Truss ត្រូវការ ៥ សំឡេង ស្របពេល Mordaunt ខ្វះតែ ៦ សំឡេង។

សូមជម្រាបដែរថា ក្នុងកាលៈទេសៈមួយនេះ ចក្រភពអង់គ្លេសអាចនឹងមានប្រវត្តិសាស្ត្រថ្មី ដ្បិតបើសិនជាលោក Sunak ជាប់ឆ្នោត នោះលោកនឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសកាត់អាស៊ីតំបូងបំផុត ខណៈបើ Truss ឬ Mordaunt ជាប់ឆ្នោត នោះអង់គ្លេសនឹងមាននាយករដ្ឋមន្ត្រីជាស្ត្រីទី ៣ ក្នុងប្រវត្តិសាស្ត្រ៕