សមាជិក​សភាជាន់ខ្ពស់​ EU ប្រឆាំង​ចិន គាំទ្រ អធិបតេយ្យភាពរបស់​តៃវ៉ាន់

អន្តរជាតិ

ទំនាស់​រវាង​ប្រទេស​ចិន និង​កោះតៃវ៉ាន់​នៅ​តែ​បន្ត​កើតមាន​ឡើង ដោយ​ភាគី​ចិន​តែងតែ​ចាត់ទុក​ដីកោះ​មួយ​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​របស់​ខ្លួន​ ខណៈ​កោះតៃវ៉ាន់​ប្រកាន់​ជំហរ​ជា​រដ្ឋ​ឯករាជ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញ​បញ្ហា​មួយ​នេះ សមាជិក​សភា​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​បាន​គាំទ្រ​ពេញទំហឹង​ចំពោះ​អំណះអំណាង​របស់​តៃវ៉ាន់ ដោយ​បាន​លើក​ឡើង​កាលពី​ថ្ងៃពុធ​ថា អនាគត​របស់​តៃវ៉ាន់ គួរតែ​ត្រូវបាន​សម្រេច​ដោយ​ប្រជាជន​របស់​ពួកគេ​ផ្ទាល់ និង​បាន​គាំទ្រ អធិបតេយ្យភាព របស់​កោះតៃវ៉ាន់​ផងដែរ។

យោង​តាម​ការ​ចុះផ្សាយ​ពី CNA បាន​ឲ្យ​ដឹង​ថា Nicola Beer អនុ​ប្រធាន​សភា​អឺរ៉ុប​បាន​និយាយ​ថា៖ “ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែបណា​ក៏​ដោយ មានតែ​ប្រជាពលរដ្ឋ​តៃវ៉ាន់​ប៉ុណ្ណោះ ដែល​អាច​កំណត់​ជោគវាសនា​របស់​តៃវ៉ាន់​បាន”។

បន្ថែម​ពី​នោះ អ្នកស្រី Beer ក៏​បាន​សង្កត់​ធ្ងន់​ទៀត​ថា សហភាព​អឺរ៉ុប​នឹង​ក្រោកឈរ​ជាមួយ​តៃវ៉ាន់ ក្នុង​ការ​ប្រឆាំង​ពី​ការ​វាយលុក​របស់​ចិន និង​រារាំង​រាល់​សកម្មភាព​ដែល​ចិន​ចង់​បំពាន​លើ​តៃវ៉ាន់៕