ឧកញ៉ា សុង សារ៉ន ណែនាំក្រុមហ៊ុនបារាំងមានអាយុកាលជាង ១០០ឆ្នាំ ទិញអង្ករផ្កាម្លិះកម្ពុជា

អន្តរជាតិ

អង្ករ​ជា​ផលិត​ផល​នាំចេញ​ចំបង​មួយ​របស់​ប្រទេស​កម្ពុជា ហើយ​ផលិតផល​មួយ​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ និង​ឲ្យ​តម្លៃ​ជា​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ តួយ៉ាង​អង្ករ​ ១៦៨ ២៨០ តោន​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ចិន ហុងកុង និង​ម៉ាកាវ ខណៈ​ ១០៦ ១៩៤ តោន​ទៀត​ត្រូវ​បាន​នាំចេញ​ទៅ​កាន់​ប្រទេស​សមាជិក ២៣ នៅ​អឺរ៉ុប សម្រាប់​រយៈពេល ៦ ខែ​ចុងក្រោយ​នៃ​ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ ឧកញ៉ា​ សុង សារ៉ន អគ្គនាយក និង​ស្ថាបនិក​ក្រុមហ៊ុន អេមរុ រ៉ាយ បាន​បង្ហោះសារ​មួយ​​នៅ​ថ្ងៃទី ២០ ​កក្កដា​ដែល​អត្ថន័យ​ថា៖ “ព្រឹកមិញនេះ ខ្ញុំបានជួបជាមួយលោកស្រី Agnes Lenormand ប្រធានផ្នែកនាំចូលក្រុមហ៊ុន Pomona Group ដែលជាក្រុមហ៊ុនជាង 100 ឆ្នាំដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលផ្គត់ផ្គង់សេវាកម្មអាហារដល់ភោជនីយដ្ឋាន សណ្ឋាគារ ជាដើម ដើម្បីណែនាំអង្ករផ្កាម្លិះកម្ពុជា ខ្ញុំបានផ្តល់សៀវភៅ The Taste of Angkor Book ជូនដោយស្ថានទូតកម្ពុជាប្រចាំទីក្រុងប៉ារីស។ នាងចូលចិត្តមុខម្ហូបក្នុងសៀវភៅខ្លាំងណាស់។ នាងបាននិយាយថានាងនឹងបកប្រែជាភាសាបារាំង និង ចែកជូនអតិថិជនរបស់ក្រុមហ៊ុន”។

នេះ​អាច​ស​បញ្ជាក់​បាន​ថា បារាំង​ក៏​ជា​ទីផ្សារ​ពេញនិយម​មួយ​សម្រាប់​អង្ករ​កម្ពុជា​ដូចគ្នា ដោយមាន​ក្រុមហ៊ុន​ Groupe Pomona ជា​ឈ្មួញ​សំខាន់​នាំ​អង្ករ​កម្ពុជា​ទៅ​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​ស្រុក​បារាំង។

Groupe Pomona បង្កើត​ឡើង​តំបូង​នៅ​ឆ្នាំ ១៩១២ ជា​ក្រុមហ៊ុន​លំដាប់​ជួរមុខ​មួយ​នៅ​បារាំង​ដែល​ជំនាញ​លើ​វិស័យ​ចំណីអាហារ​ក្នុង​ស្រុក មិន​ថា​តែ​ជា​ផលិតផល​បរិភោគ ឬ​ជា​ផលិតផល​ទាក់ទង​នឹង​ការ​តុបតែង​លំអ​ហាង​ឡើយ។

លក្ខណៈ​សម្បត្តិ​ពិសេស​របស់​ក្រុមហ៊ុន​ដែល​ឈរ​ជើង​ជាង ១០០ ឆ្នាំ​នេះ គឺ​ចម្រាញ់​យក​តែ​ផលិតផល​មាន​គុណភាព ជាមួយ​តម្លៃ​សមរម្យ ចេះ​បត់បែន​តាម​កាលៈទេសៈ ទទួល​ការ​រិះគន់ និង​កែលំអ​ពី​អតិថិជន គ្រប់គ្រង​ការ​ដឹកជញ្ជូន​បាន​ល្អ និង​ជាពិសេស​ទំនួលខុសត្រូវ​ខ្ពស់។

បច្ចុប្បន្ន Groupe Pomona មាន​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ច្រើនជាង ១០ ០០០ នាក់ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ៨ និង​មាន​ទីផ្សារ​នៅ​អន្តរជាតិ​ដូចជា ប្រទេស​ស្វីស និង​អេស្ប៉ាញ​ជាដើម ខណៈ​ដៃគូ​សហការ​មាន​ ១១ ២០០ ទូទាំង​ប្រទេស​បារាំង៕