ថ្មីៗនេះ ក្រុមហ៊ុនមួយចំនួន ដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិន កំពុងបដិសេធមិនព្រមសងប្រាក់កម្ចីធនាគារ ដោយសារតែពួកគេមិនទាន់ទទួលបានការទូទាត់ពីសំណាក់ក្រុមហ៊ុន ដែលបានជួលពួកគេនៅឡើយនោះទេ ខណ:នេះ ហាក់ដូចជាបានធ្វើឱ្យវិស័យអចលនទ្រព្យក្នុងប្រទេស កាន់តែដុនដាបបន្ថែមទៀត បន្ទាប់ពីអ្នកទិញផ្ទះ ក៏បានបដិសេធមិនព្រមទូទាត់ប្រាក់កម្ចីរបស់ពួកគេផងដែរ ។
អ្នកម៉ៅការរាប់រយនាក់ នៅក្នុងឧស្សាហកម្មអចលនទ្រព្យ បានត្អូញត្អែរថា ពួកគេមិនអាចមានលទ្ធភាព ក្នុងការទូទាត់ប្រាក់កម្ចីបានទៀតនោះទេ ដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍ រួមទាំងក្រុមហ៊ុនខ្នាតយក្ស China Evergrande Group ផងនោះ នៅតែជំពាក់ប្រាក់របស់ពួកគេ ។ នេះបើយោងតាមរបាយការណ៍ ដែលទទួលបានពីសារព័ត៌មាន Caixin ។
ក្រុមហ៊ុនអាជីវកម្មខ្នាតតូច និងអ្នកផ្គត់ផ្គង់មួយក្រុម បានធ្វើការបង្ហោះសារនៅលើអ៊ីនធឺណិត ដោយនិយាយថា ពួកគេនឹងមិនព្រមសងបំណុលធនាគារនោះឡើយ បន្ទាប់ពីវិបត្តិសាច់ប្រាក់ របស់ក្រុមហ៊ុន Evergrande បានធ្វើឱ្យពួកគេមិនមានលទ្ធភាពទៀតនោះឡើយ ។
មិនតែប៉ុណ្ណោះ ក្រុមអ្នកម៉ៅការខាងលើ បាននិយាយនៅក្នុងលខិតមួយ ថា ៖ ” យើងបានសម្រេចចិត្ត បញ្ឈប់ការទូទាត់ប្រាក់កម្ចី និងបំណុលទាំងអស់ ហើយយើងក៏បានណែនាំឱ្យមិត្តរួមក្រុមការងាររបស់យើងដទៃទៀត ឱ្យបដិសេធរាល់សំណើ ដែលត្រូវបង់តាមឥណទាន ឬវិក្កយបត្រពាណិជ្ជកម្មផងដែរ ។ Evergrande ត្រូវតែទទួលខុសត្រូវចំពោះផលវិបាកណាមួយ ដែលកើតឡើងដោយសារតែវិបត្តិនៃខ្សែសង្វាក់ផ្គត់ផ្គង់ ” ។
គួរបញ្ជាក់ថា ការតវ៉ាចំពោះការទូទាត់លើប្រាក់កម្ចីធនាគារ បានកើតឡើងដំបូង នៅពេលអ្នកទិញផ្ទះ បានព្រមានថា ពួកគេនឹងមិនព្រមធ្វើសងប្រាក់កម្ចីទាំងនោះឡើយ សម្រាប់គម្រោងលំដ្ឋានរបស់ខ្លួន ដែលមិនទាន់សាងសង់រួចរាល់ នៅក្នុងប្រទេសចិន ហើយបញ្ហានេះ កំពុងតែបានរីករាលដាលយ៉ាងខ្លាំង ដែលបានធ្វើឱ្យប៉ះពាល់ដល់វិស័យផ្សេងទៀត នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស ៕