ក្រុមហ៊ុន PT Indika Energy របស់ប្រទេសឥណ្ឌូនេស៊ី កំពុងពិចារណាទៅលើការវិនិយោគរួមគ្នា ក្នុងចំនួនទឹកប្រាក់ ២ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ លើការផលិតរថយន្តអគ្គិសនី (EV) អាគុយ និងឧបករណ៍ផ្ទុកថាមពលផងដែរ ។ នេះបើយោងតាមនាយកប្រតិបត្តិជាន់ខ្ពស់របស់ Indika បានប្រាប់ទៅកាន់សារព័ត៌មាន Reuters កាលពីថ្ងៃពុធ ។
Indika ក៏ដូចជាក្រុមហ៊ុនថាមពលជាច្រើនទៀតផងដែរ ក្នុងការធ្វើចម្រុះកម្មទៅលើអាជីវកម្មរបស់ខ្លួន លើសពីធ្យូងថ្ម ចំពេលកំពុងមានការជំរុញជាសកល ដើម្បីបញ្ចប់ការប្រើប្រាស់ទៅលើឥន្ធន:ហ្វូស៊ីល ដែលនាំឱ្យមានការប៉ះពាល់ទៅដល់បរិស្ថាន ។
គួរឱ្យដឹងថា មុនពេលមានគម្រោងដ៏ធំមួយនេះ ក្រុមហ៊ុន Foxconn , Indika និងក្រុមហ៊ុនចំនួន ៣ ផ្សេងទៀត កាលពីដើមឆ្នាំនេះ បានបង្កើតភាពជាដៃគូ តាមរយ:ការចុះអនុស្សរណ:នៃការយោគយល់គ្នា ដើម្បីវិនិយោគរួមគ្នា ក្នុងទំហំទឹកប្រាក់ចំនួន ៨ ពាន់លានដុល្លារ ទៅលើ EV និងការផលិតអាគុយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
ដោយឡែក បើយោងតាម លោក Azis Armand នាយកប្រតិបត្តិក្រុមរបស់ Indika បាននិយាយនៅក្នុងបទសម្ភាសន៍ចុងក្រោយមួយថា ការសិក្សាអំពីលទ្ធភាព សម្រាប់ការបណ្តាក់ទុនរួមគ្នា រវាង Foxconn និង Indika គួរតែបញ្ចប់នៅត្រឹមត្រីមាសទី ៤ ក្នុងឆ្នាំនេះ ។
តែយ៉ាងណាក៏ដោយ ក្រុមហ៊ុន Foxconn មិនបានធ្វើការឆ្លើយតបភ្លាមៗ ចំពោះសំណើ ឱ្យមានការអត្ថាធិប្បាយលើភាពជាដៃគូ ជាមួយក្រុមហ៊ុន Indika នៅឡើយនោះទេ។
Indika ដែលជាក្រុមហ៊ុនផលិតធ្យូងថ្មធំជាងគេទីបីរបស់ឥណ្ឌូនេស៊ី តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន PT Kideco Jaya Agung ហើយថ្មីៗនេះ ពួកគេ បាននិងកំពុងផ្តោតលើការបង្កើនប្រាក់ចំណូលបន្ថែមទៀត ពីអាជីវកម្មមិនមែនធ្យូងថ្ម ដូចជាការងាកទៅរកការធ្វើអាជីវកម្មអណ្តូងរ៉ែមាស និង EVs ផងដែរ។
បញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនចំនួន ២៧០ លាននាក់ បានកំណត់យកគោលដៅ ក្នុងការតម្រូវឱ្យមានម៉ូតូអគ្គិសនីចំនួន ១៣ លានគ្រឿង និងរថយន្តអគ្គិសនី ចំនួន ២,២ លានគ្រឿង បើកបរនៅលើផ្លូវរបស់ខ្លួន នៅត្រឹមឆ្នាំ ២០៣០ ៕