ជាទូទៅ បុគ្គលដែលមានចំណូលច្រើន គួរតែត្រូវបង់ពន្ធជូនរដ្ឋច្រើនដូចគ្នា ប៉ុន្តែបើយោងតាមព្រឹទ្ធសមាជិកហ្វីលីពីន Sherwin Gatchalian បានបង្ហាញឲ្យឃើញថា បញ្ជីឈ្មោះបុគ្គលបង់ពន្ធច្រើនបំផុតរបស់ហ្វីលីពីន បែរជាគ្មានឈ្មោះរបស់ក្រុមមហាសេដ្ឋីមានបំផុតទៅវិញ។
“បើសិនជាអ្នកមើលលើបញ្ជីឈ្មោះមហាសេដ្ឋីលើលោក អ្នកនឹងឃើញឈ្មោះ (មហាសេដ្ឋីហ្វីលីពីន) ជាច្រើន ប៉ុន្តែឈ្មោះទាំងនោះបែរជារកមិនឃើញនៅបញ្ជីអ្នកបង់ពន្ធជូនរដ្ឋច្រើនជាងគេទៅវិញ”។ នេះបើតាមសម្ដីរបស់មន្ត្រីខាងលើបានប្រាប់ទៅកាន់ Radio DZBB។
“ជាទូទៅ អ្នកដែលបង់ពន្ធជូនរដ្ឋច្រើនបំផុតរបស់យើងគឺ ជាសិល្បករ ឬតារាសម្ដែង ដោយសារពួកគេជាបុគ្គលមានកេរ្តិ៍ឈ្មោះក្នុងសង្គម ប៉ុន្តែបែរជាបាត់មិនឃើញបុគ្គលដែលមានងារជា មហាសេដ្ឋី”។
“ដូច្នេះវាគឺជារឿងគួរឲ្យឆ្ងល់មួយ ព្រោះពួកគេជាមហាសេដ្ឋី តែបែរជាមិនស្ថិតនៅបញ្ជីអ្នកបង់ពន្ធច្រើនបំផុតទៅវិញ។ ពួកយើងចាំបាច់ពិនិត្យឡើងវិញនៅចំណុចមួយនេះ ដើម្បីអាចទារពន្ធពីអ្នកមានឲ្យបានច្រើន ដូចទៅនឹងចំណូលដែលពួកគេទទួលបាន”។
សូមជម្រាបដែរថា ការលើកឡើងរបស់ព្រឹទ្ធសមាជិកខាងលើគឺប្រៀបដូចជា ព្រមានដល់ក្រុមស្ដេចត្រាញ់ហ្វីលីពីនដូចជា Manuel Villar Jnr និង Enrique Razon Jnr ជាដើម ដែលសុទ្ធតែជាមហាសេដ្ឋីលំដាប់ប្រទេស៕