ក្រុមហ៊ុន Ford Motor Company មានគម្រោងនឹងបញ្ឈប់បុគ្គលិកប្រមាណ ៨ ០០០ នាក់នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ដើម្បីទុកថវិកាអនុវត្តផែនការផលិតរថយន្តអគ្គិសនី។ នេះបើតាមការចុះផ្សាយពី Yahoo។

ការកាត់បន្ថយនេះទៀតសោត នឹងជះឥទ្ធិពលដល់ផ្នែក Ford Blue ដែលទើបនឹងបង្កើតថ្មី ក្នុងគោលបំណងផលិតម៉ាស៊ីនរថយន្តដែលដើរដោយថាមពលហ្គាស ក៏ដូចជាផ្នែកផ្សេងៗនៃក្រុមហ៊ុនទាំងមូលផងដែរ។ នេះបើតាមប្រភពជិតស្និទ្ធមួយបានទម្លាយប្រាប់ Bloomberg។
សារព័ត៌មានខ្នាតយក្សខាងលើក៏បានបន្ថែមទៀតថា ការកាត់បន្ថយចំនួនបុគ្គលិក គឺជាកត្តាសំខាន់ក្នុងការបង្កើនប្រាក់ចំណេញ ជាពិសេសលើផ្នែក Ford Blue ដោយសារមិនអាចដំណើរការដោយប្រសិទ្ធភាពដូចការរំពឹងទុក។

ជាមួយគ្នានោះ លោក Farley ប្រធានក្រុមហ៊ុន Ford បានទម្លាយទៀតថា ប្រាក់ចំណេញមួយចំនួនរបស់ Ford បានកាត់បន្ថយ ដោយសារតែការខាតពីការលក់រថយន្តប្រភេទ EV ស្របពេលគ្រឿងតំឡើងមានតម្លៃថ្លៃ និងការធានារ៉ាប់រងមានច្រើនលើសលុប៕