ប៉ុន្មានឆ្នាំចុងក្រោយនេះ មហាសេដ្ឋីមានបំផុតនៅអេស្ប៉ាញ ស្ថាបនិកក្រុមហ៊ុន Zara លោក Amancio Ortega មានភាពមមាញឹកជាខ្លាំង សម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ពោលគឺបានចំណាយលុយអស់ច្រើនពាន់លានដុល្លារ លើការទិញអគារពាណិជ្ជកម្មធំៗ។
ថ្មីៗនេះ ស្ដេចត្រាញ់ខាងលើក៏ទើបនឹងទទួលបានផ្លែផ្កាគួរជាទីពេញចិត្តពីការវិនិយោគនេះផងដែរ ដោយសារតម្លៃអចលនទ្រព្យរបស់លោកបានកើនឡើងដល់ជិត ១៦ ពាន់លានដុល្លារ និងអាចមើលឃើញពីប្រាក់ចំណេញប្រហែលជាង ១ ពាន់លានដុល្លារនៅឆ្នាំ ២០២១។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
អគារធំៗដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Ortega គឺមាននៅពាសពេញពិភពលោកដូចជានៅទីក្រុង New York, Toronto, London និងនៅប្រទេសកំណើតទីក្រុង Madrid ខណៈកាលពីឆ្នាំ ២០២០ អគារនៅទីក្រុងធំៗទាំងនេះមានតម្លៃសរុបប្រមាណជាង ១៤ ពាន់លានដុល្លារ។
បច្ចុប្បន្នបុរសវ័យ ៨៦ ឆ្នាំគឺជាអ្នកមានបំផុត និងជាវិនិយោគិនធំបំផុតលើវិស័យអចលនទ្រព្យនៅប្រទេសអេស្ប៉ាញ ជាមួយនឹងទំហំទ្រព្យសម្បត្តិប្រមាណក្បែរ ៦២ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Forbes៕